Skip to main content

ពុករលួយ និង ក្រពះ

ពុករលួយ និង ក្រពះ




 តាមធម្មតា នៅពេលគេលឺរឿងអំពើពុករលួយ មិនថានៅកម្ពុជាឬប្រទេសដទៃឡើយ គឺសុទ្ធតែចាត់ទុកជាអំពើដែលសង្គមស្អប់ខ្ពើមជាទីបំផុត រហូតដល់រដ្ឋាភិបាលចិនស្ថិតក្រោមការគ្រប់គ្រងប្រធានាធិបតី ស៊ីជីងពីង ដាក់ជា គោលនយោបាយចំបងត្រូវតែកំចាត់ឲ្យបាននូវមន្ត្រីណាដែលប្រព្រឹត្តិអំពើពុករលួយ ហើយទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ក៏ដូចជាលួចសសើរពីអន្តរជាតិ បើទោះបីជាប្រទេសនេះជាប្លុកកុម្មុយនីសបំបិទសិទ្ធិសេរីភាពខ្លះក៏ដោយ។បើក្រលេកមកមើលកម្ពុជាវិញ អំពើពុករលួយនេះហាក់បានកំពុងតែស៊ីដល់គ្រឿងក្នុងប្រទេសទៅហើយ មិនថាថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានឡើយ ដោយជាទូទៅគេមើលឃើញភាគច្រើនគឺមកពីស្ថាប័នរដ្ឋតែម្តង។
          មានកត្តាជាច្រើនដែលបណ្តាលឲ្យមនុស្សហ៊ានប្រព្រឹត្តិអំពើពុករលួយ ទាំងដែលអ្នកខ្លះដឹងថាខុសហើយតែនៅតែប្រព្រឹត្តិ។​ បញ្ហាក្រពះជារឿងធំដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោម បានលះបង់មនសិការរបស់ខ្លួនព្រោះតែក្រពះ។ តួរយ៉ាងដូចជាប៉ូលីសចរាចរណ៏នៅតាមដងផ្លូវដូច្នោះដែរ។ ហើយនេះជាបទពិសោធន៏ដែលខ្ញុំបាទជួបផ្ទាល់កាលពីប៉ុន្នានថ្ងៃមុននេះដោយខ្ញុំបានបើកបរម៉ូតូនៅតាមផ្លូវមួយខ្សែនៅខាងក្រោយព្រះបរមរាជវាំង។ ភ្លាមៗនោះក៏ស្រាប់តែមានប៉ូលីស ពីរនាក់បានហក់មកស្កាត់ខ្ញុំនៅកណ្តាលផ្លូវ ទាំងដែរខ្ញុំកំពុងតែអន្លូងអន្លោចជាមួយនឹងសូរសព្ទតន្រ្តីនៅក្នុងកាសពេលកំពុងបើកបរ ហើយក៏មិនដឹងថាលោកពូប៉ូលីសទាំងពីរនោះពួនក្រោមដើមឈើតាំងពីអង្កាលដែរ។ ជាដំបូងខ្ញុំប្រុងនឹងដាក់មាត្រាទី ១០០(រត់សិនចាំគិតទៀត) បើកគេចដោយបន្ថែមល្បឿនដែរ ព្រោះភ្លាមៗភ័យខ្លាចប៉ូលីសផាក និងខ្លាចគាត់គាបស៊ី។ ខណៈប្រុងនឹងមួលហ្គ័រទៅហើយ ក៏ស្រាប់តែឃើញម៉ូតូខ្លួនឯងមានកញ្ចក់ត្រឹមត្រូវ និង មានមួកសុវត្ថិភាពជាប់នឹងឡាតែត(ក្បាល) ក៏នឹកសព្វថា ឱខ្លួនអញអើយ! ទោះបីប៉ូលីសចាប់មែនពិត ត្បិតខ្លួនមិនបានធ្វើខុសច្បាប់ឯណា ម្តេចក៏អាត្មាអញអីក៏ភិតភ័យព្រួយខ្លាំងម្ល៉េះ? ហើយក៏ព្រមប្រគល់ខ្លួនប្រាណឲ្យលោកប៉ូលីសទាំងពីរនោះរូបនោះតាមសម្រួល។ ឈប់ម៉ូតូរួចក៏ពន្លត់ម៉ាស៊ីនដកសោរកាន់ជាប់នឹងដៃ ព្រោះខ្ញុំខ្លាចប៉ូលីសដកសោរទុកមិនព្រមឲ្យវិញ រួចក៏វៃជន្ទល់ ដោះមួកសុវត្ថិភាព ហើយសួរពួកគាត់ថា៖ តើខ្ញុំខុសអ្វី?” លោកប៉ូលីសបានប្រាប់ថា៖ ក្មួយ ជិះបញ្ច្រាស់ផ្លូវហើយ កុំឡើយមកចង់តវ៉ា។​ រំពេចនោះធ្វើឲ្យខ្ញុំកើតមានអារម្មណ៍មួរម៉ៅក្តៅក្រហាយ ខ្ញុំក៏ចាប់ផ្តើមតវ៉ាថា៖ ពូឯងកុំចេះតែថា ព្រោះខ្ញុំអត់មានឃើញស្លាកសញ្ញាឯណា។​ ពូក៏បានឆ្លើយ ៖ស្លាកនៅខាងក្រោយ បើមិនជឿពូនាំទៅមើលបាន។ ដោយមិនចង់ឈ្លោះគ្នាយូរ ម្យ៉ាងប្រញាប់ទៅធ្វើការផងនោះខ្ញុំក៏បានសួរលោកប៉ូលីសថា ៖ផាកប៉ុន្នាន?ភ្លាមៗនោះលោកពូប៉ូលីសម្នាក់ទៀតក៏បានប្រាប់៖ បើតាមច្បាប់គេ ផាកមួយម៉ឺនប្រាំពាន់រៀល(១៥,០០០៛)។​ ពូប៉ូលីសក៏បានបន្តទៀតថា៖ ប៉ុន្តែពូយកតែ មួយម៉ឺនរៀល(១០,០០០៛)ទេ ចែកគ្នាពីរនាក់ ម្នាក់ ប្រាំពាន់(៥,០០០៛) ទេក្មួយ។ ដោយហេតុតែមិនដឹងច្បាប់ ខ្ញុំមិនដឹងថាគាត់និយាយកុហកឬយ៉ាងណាទេ។​ ខ្ញុំក៏បានឆ្លើយ៖ ចែកគ្នាម្នាក់ប្រាំពាន់? តើលោកពូកំពុងរកស៊ីចូលហ៊ុនគ្នាឬ? តើខ្ញុំជាអតិថិជនរបស់ពូឬ?ខ្ញុំក៏សួររកសៀវភៅណែនាំពីការផាកពិន័យ តែគាត់ថា៖ ក្មួយអើយ ចាត់ទុកថាជួយពូម្តងទៅចុះ ព្រោះប្រាក់ខែពូតែ ម្ភៃប្រាំម៉ឺន(២៥០,០០០៛)ទេ (ខ្ញុំមិនដឹងថាពិតឬមិនពិតទេ ព្រោះមិនដែរដឹង) ម្យ៉ាងកូនឈឺ ហើយប្រពន្ធពិការភ្នែកទៀត រាល់ថ្ងៃពូកំពុងតែលំបាកណាស់ក្មួយ បើពូធ្វើតាមច្បាប់ លុយផាកឲ្យមេអស់ហើយក្មួយអើយ។​ ដោយលឺបែបនេះ ហើយឃើញទឹកមុខគាត់ស្លេកស្លាំង សម្បុរខ្មៅ ព្រោះធ្វើការក្រោមកម្តៅព្រះសូរិយានារដូវប្រាំង ដោយអាវទទឹកញើសជោគ ធ្វើឲ្យអារម្មណ៏ខឹងប្រែជាអាណិតទៅវិញ។ ដោយមិនបង្អង់យូរខ្ញុំក៏បានទាញកាបូបលុយឆែកមើលសិន ព្រោះថវិការមានកម្រិត។
          ក្រោយពីចប់រឿងហើយខ្ញុំក៏បានបន្តដំណើរទៅមុខទៀត រួចគិតក្នុងចិត្តមិនគួរណាវាយតម្លៃមនុស្សលឿនពេកសោះ ត្បិតអីនរណាៗក៏ស្អប់ប៉ូលីសរឿងផាកពិន័យខុសច្បាប់និងគាបស៊ីអ្នកដំណើរដែរ។ ដូចព្រះពុទ្ធជាម្ចាស់មានពុទ្ធដឺការថា កម្មប្រែថាអំពើ អ្នកណាធ្វើអ្នកនោះទទួល អ្វីៗកើតឡើងដោយហេតុទើបបង្កើតនូវអ្វីដែរយើងឃើញ មិនថាសភាវៈមានជីវិតឬគ្មានជីវិតឡើយ គឺកើតឡើងដោយសារតែមានហេតុរបស់វា។
          ដូច្នេះខ្ញុំគិតថាដើម្បីកាត់បន្ថយនូវអំពើរពុករលួយ ជាបឋមយើងគួរតែដោះស្រាយនូវបញ្ហាក្រពះជាមុនសិន។ តួរយ៉ាងដូចរាជរដ្ឋាភិបាលកំពុងតែតម្លើងប្រាក់ខែគ្រូបង្រៀនឲ្យមានជីវភាពប្រសើរឡើង ក៏អាចកាត់បន្ថយអំពើរពុករលួយដោយគ្រូទារលុយសិស្សមួយកម្រិតដែរ។ រាជរដ្ឋាភិបាលក៏គួរតែពិចារណាតម្លើងប្រាក់ខែដល់មន្ត្រីប៉ូលីសដែរកំពុងឈរជើងនៅហាលថ្ងៃព្រោះតែជួយសង្គម ខណៈដែលគ្រួសារខ្លួនកំពុងតែលំបាក ជៀសជៀងនាំគ្នាសុំជំនួយឬកំចីពីបរទេសដើម្បីទិញឡានទំនើបនិងវីឡាឲ្យសាច់ញាតិ៕

ដោយខ្ញុំបាទ៖ កែវ សុង
និស្សិតឆ្នាំទីបួន និង ជាអ្នកសរសេរប្លុក(Blog)

Comments

Popular posts from this blog

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តា...

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលប...

ដំណើរវិវឌ្ឍន៍បច្ចេកវិទ្យា មកដល់ប្រពន្ធ័វៃឆ្លាត AI

ចាប់តាំងពីមនុស្សចេះប្រើភ្លើងចម្អិនអារហារ រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងកាយនិងកេរ្តិ៏ខ្មាស់របស់ខ្លួនមក ពិភពលោកហាក់បាន ប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស។ រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនះជាមធ្យោបាយធ្វើដំណើរជាសក្ខីកម្មដែលសរបញ្ជាក់ថា បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន ហ្វេ្រនគ្លីន ( Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកប្រើផលិតជាពន្លឺពីអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅជំនាន់ដោយការបង្រៀន និងការរៀនពីវប្បធ៌មចែករំលែកចំណេះដឹង និងការយល់ដឹងទៅឱ្យគ្នាទៅវិញទៅមក និងបង្កើតគំនិតថ្មីៗពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ មនុស្សចេះបង្កើតវប្បធ៌ម អរិយ្យធ៌ម និងក្បួនច្បាប់ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចេះដឹងចេះយល់ និងស្វែងរកអ្វីដែលថ្មីថ្មោង។ នេះហើយជាចំណុចដែលធ្វើឱ្យមនុស្សខុសគ្នាពីសត្វ ព្រោះសត្វជំនាន់មុនៗមិនបានបង្រៀន ឬក្បួនច្បាប់ឱ្យសត្វជំនាន់ក្រោយនោះឡើយ។ វាត្រូវចាប់ផ្តើមពីចំណុចសូន្យឡើងមកវិញទាំងអស់នៅពេលដែលវាចាប់ផ្តើមឃើញពន្លឺព្រះសូរិយាដំបូង ហើយអ្វីៗត្រូវរៀននិងស្វែងរកដោយខ្លួនឯងនិងប្រព្រឹត្តិទៅតាមធម្មជាតិដោយសម្ម...