អគារដែលគេមើលរំលង នៅពីមុខអគារមួយដ៏ខ្ពស់ស្កឹមស្កៃ មានមនុស្សពីរក្រុមបាននិងកំពុងឈរ សម្លឹងមើលឡើងទៅលើសឹងតែបាក់កទៅហើយ។ មានមនុស្សមួយក្រុមបាននិយាយថា ខ្ពស់ណាស់ៗ។ អ្នកខ្លះថា ប្រសិនបើខ្ពស់ម្លឹងៗទម្រាំតែឡើងដល់ក៏ហត់ដែរ ខ្លះថាខ្ពស់ពេកមិនហ៊ានឡើងទេព្រោះខ្លាចធ្លាក់ ចំណែកឯខ្លះទៀតថាមិនដឹងជាឡើងទៅដើម្បីអ្វីទៅវិញ។ ក៏ប៉ុន្តែមានមនុស្សមួយក្រុមទៀតមិនបានគិតដូច្នេះឡើយកាលដែលបានសម្លឹងងើយមើលទៅលើអគារហើយ ក៏កើតចិត្តសង្ស័យ ចង់ដឹង ចង់ស្គាល់និងចង់ស្វែងយល់បរិវេណមួយជាន់ៗក្នុងអគារដ៏ខ្ពស់ច្រលឹមនោះ។មនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា ប្រសិនបើឡើងទៅដល់កំពូលអគារមិនដឹងជាទេសភាពល្អយ៉ាងណា ហើយម្នាក់ទៀតបែរជាចង់ដឹងថានៅក្នុងអគារនោះមានអ្វីខ្លះ? ម្នាក់ទៀតថា នៅពេលដែលយើងឡើងទៅកាន់តែខ្ពស់ កាន់តែល្អ។ គិតហើយមិនបង្អង់យូរ ពួកគេក៏សម្រេចចិត្តសាកចូលក្នុងអគារនោះរួចស្វែងរកមាគ៌ាមួយដើម្បីឡើងឆ្ពោះទៅជាន់ខាងលើ។ ពេលចូលក្នុងអគារកាលណា ពួកគេក៏បានពើបប្