អគារដែលគេមើលរំលង
នៅពីមុខអគារមួយដ៏ខ្ពស់ស្កឹមស្កៃ
មានមនុស្សពីរក្រុមបាននិងកំពុងឈរ សម្លឹងមើលឡើងទៅលើសឹងតែបាក់កទៅហើយ។ មានមនុស្សមួយក្រុមបាននិយាយថា
ខ្ពស់ណាស់ៗ។ អ្នកខ្លះថា ប្រសិនបើខ្ពស់ម្លឹងៗទម្រាំតែឡើងដល់ក៏ហត់ដែរ
ខ្លះថាខ្ពស់ពេកមិនហ៊ានឡើងទេព្រោះខ្លាចធ្លាក់ ចំណែកឯខ្លះទៀតថាមិនដឹងជាឡើងទៅដើម្បីអ្វីទៅវិញ។
ក៏ប៉ុន្តែមានមនុស្សមួយក្រុមទៀតមិនបានគិតដូច្នេះឡើយកាលដែលបានសម្លឹងងើយមើលទៅលើអគារហើយ
ក៏កើតចិត្តសង្ស័យ ចង់ដឹង ចង់ស្គាល់និងចង់ស្វែងយល់បរិវេណមួយជាន់ៗក្នុងអគារដ៏ខ្ពស់ច្រលឹមនោះ។មនុស្សម្នាក់ក្នុងចំណោមពួកគេបាននិយាយថា
ប្រសិនបើឡើងទៅដល់កំពូលអគារមិនដឹងជាទេសភាពល្អយ៉ាងណា ហើយម្នាក់ទៀតបែរជាចង់ដឹងថានៅក្នុងអគារនោះមានអ្វីខ្លះ?
ម្នាក់ទៀតថា នៅពេលដែលយើងឡើងទៅកាន់តែខ្ពស់ កាន់តែល្អ។ គិតហើយមិនបង្អង់យូរ
ពួកគេក៏សម្រេចចិត្តសាកចូលក្នុងអគារនោះរួចស្វែងរកមាគ៌ាមួយដើម្បីឡើងឆ្ពោះទៅជាន់ខាងលើ។
ពេលចូលក្នុងអគារកាលណា ពួកគេក៏បានពើបប្រទះឃើញជណ្តើរបី ដែរក្នុងនោះមាន៖
Ø
ជណ្តើរទីមួយ មានកាំធំៗមិនសូវចោត
តែសំបូរទៅដោយលាមកសត្វនិងមនុស្សផង ម្យ៉ាងភក់ជ្រាំមានក្លិនអាសោត ជាទីបំផុត។
ជណ្តើរកាំធំ ងាយស្រួលឡើងរមែងល្អគ្រប់ដប់ឯណា អ្នកដែលបានឡើងហើយប្រាកដជាជាប់ក្លិនឆ្អេះធ្អាបជាពុំខាន។
Ø
ជណ្តើរទីពីរ មានកាំធំៗមិនសូវចោត
ប៉ុន្តែមានសភាពសឹករិចរិល បាក់ខ្លះ ខូចខាតខ្លះ ហើយថែមទាំងមានសត្វអាសិរពិសលាក់ខ្លួនតាមកាំជណ្តើរទៀតផង។
អ្នកដែលបានឡើងហើយ ប្រហែលជាអាចមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង តែបើអ្នកដែលចេះប្រយត្ន័អាចជាអ្នកដែលមានការតាំងចិត្តខ្ពស់និងភាពអត់ធ្នត់។
Ø
ជណ្តើរទីបី មានកាំតូចៗ ចោតខ្លាំង
ប៉ុន្តែនៅតាមកាំតែងតែមានឧបករណ៏ជំនួយជានិច្ច ដូចជាខ្សែ ឈើ ជាដើម។
អ្នកដែលបានឡើងកាំជណ្តើរនេះ រមែងជាមនុស្សមិនធម្មតា ចេះប្រើប្រាជ្ញាមិនធម្មតា
ដើម្បីប្រើប្រាស់ខ្សែនិងឈើឲ្យបានត្រឹមត្រូវ។
នៅពេលឃើញជណ្តើរទាំងបីនេះហើយ
ពួកគេក៏នាំគ្នាចែកជាក្រុមដើម្បីឡើងតាមកាំជណ្តើរដែលខ្លួនបានជ្រើសរើស។
អ្នកដែលជ្រើសរើសយកជណ្តើរទីមួយ ពេលឈានជើងកាលណាមានអារម្មណ៍ថាខ្ពើមរអើម
ប៉ុន្តែខ្លួននៅតែចង់បន្ត។ អ្នកដែលឡើងជណ្តើរទីពីរ ពីដំបូងមានអារម្មណ៍ថាខ្លាច
ខណៈដែលជណ្តើរមិនសូវល្អនិងមានគ្រោះថ្នាក់។ រីឯអ្នកសម្រេចចិត្តយកជណ្តើរទីបីបានគិតថា
ជណ្តើរតូចចោតមែនពិត តែតាមពិតជណ្តើរនេះខ្លីជាងគេនឹងឡើងបានលឿន នឹងខំប្រឹងរកវិធីផ្សេងៗដើម្បីប្រើប្រាស់ឧបករណ៍ជំនួយ។
លុះពេលពួកគេឡើងដល់ជាន់ទី១
ក៏រើសបានប្រាក់ចំនួន ១០ដុល្លារ ដែលនេះជាកាដូដែលអ្នកគ្រប់ គ្រងអគារប្រទានឲ្យទុកជាការខំប្រឹងរបស់ពួកគេ។
កាលនេះបានជម្រុញទឹកចិត្តក្រុមអ្នកតស៊ូទាំងបី ឲ្យមានការតស៊ូ បន្ថែមទៀត
ឲ្យឡើងទៅជាន់លើៗបន្តទៀត។ ជាន់ទីពីរ ពួកគេក៏រើសបាន ១០០ដុល្លារ។ ពីមួយជាន់ទៅមួយជាន់
ពួកគេអាចរកប្រាក់កាន់តែច្រើនទៅៗ។ លុះដល់ជាន់ខាងលើគេដែលជាជាន់អ្នកគ្រប់គ្រងអគារធ្វើការ
អ្នកក្លាហានទាំងបីបានសោយសុខនូវទ្រព្យសម្បត្តិ ប្រាក់កាសហូរហៀរនិងមិនចេះអស់។
នៅក្នុងមូលន័យនៃរឿងនេះ ជាបឋមមនុស្សដែលនៅក្រៅអគារទាំងអស់
គឺជាមនុស្សធម្មតាដូចគ្នា។ ដោយឡែកពួកអ្នកដែលហ៊ានចូលទៅក្នុងអាគារនោះ តំណាងឲ្យអ្នកមាន។
អ្នកមានតែងតែមានគំនិត ចង់ដឹងចង់ចេះពីអ្វីមួយ នឹងរិះរកវិធីអាចទាញផលប្រយោជន៏ពីវាដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។
ចំនែកឯមួយក្រុមទៀតដែលមិនព្រមចូលក្នុងអគារ គឺជាអ្នកក្រ ព្រោះពួកគេគ្មានគំនិតរកវិធីឡើងទៅលើអគារឡើយ
ពួកគេបានត្រឹមតែងើយកមើល រួចសរសើរអគារនោះថាស្អាត ប៉ុន្តែពួកគេនេះណាមិនបានបញ្ចេញសកម្មភាពអ្វីជាដុំកំភួនឡើយ
ពោលគឺបានត្រឹមតែគិត តែមិនព្រមធ្វើនោះឡើយ។
ពេលដែល អ្នកមានបានចូលក្នុងអគារហើយឃើញជណ្តើរនោះ
បានន័យថាពួកគេបានស្វែងរកឃើញមាគ៌ាឡើងទៅកាន់កម្រិតមួយដែលខ្ពស់ជាងស្ថានភាព
ខ្លួនកំពុងតែជួបនៅបច្ចុប្បន្នភាព។ ជណ្តើរទាំងបីប្រភេទ តាមពិតគឺតំណាងឲ្យអ្នកមានបីប្រភេទ។
អ្នកដែលជ្រើសរើសជណ្តើរទីមួយដែលជាជណ្តើរដ៏កខ្វក់ តំណាងឲ្យអ្នកមានដោយសារតែប្រព្រឹត្តអំពើមិនគប្បី
ពុករលួយ កិបកេងអ្នកដទៃ និងធ្វើឲ្យគេស្អប់ខ្ពើមរអារ។ អំពើទាំងអស់នោះគឺជាអំពើកខ្វក់
តែក៏ជាវិធីសាស្រ្តដែលអាចធ្វើឲ្យគេក្លាយជាអ្នកមានផងដែរ។ ពេលគេឡើងកាំដំបូងក៏មានអារម្មណ៏ថាខ្ពើមដែរ
មានន័យថាពេលគេប្រព្រឹត្តិអំពើនោះដំបូងក៏ដឹងខ្លួនថាមិនគួរដែរ ប៉ុន្តែបើមិនឡើងទៅម្តេចនឹងអាចទៅជាន់លើបាន។
លុះទទួលបានជោគជ័យនៅជាន់ទីមួយដោយទទួលប្រាក់រង្វាន់ ដូច្នេះរឹតតែជំរុញគេឲ្យបន្តទៅមុខទៀត
រហូតយូរទៅក្លាយជាទំលាប់និងសាំនឹងក្លិនឆ្អាបឆ្អេះទាំងនោះតែម្តង។
ចំពោះជណ្តើរទីពីរវិញហៅថាជណ្តើរអស្ចារ្យ
អស្ចារ្យត្រង់ជណ្តើរនេះទ្រុឌទ្រោមខូចខាតយ៉ាងណាក្តីតែនៅតែមានអ្នកឡើងទៀត។
អ្នកឡើងជណ្តើរទីពីរនេះតំណាងឲ្យអ្នកមានដោយសារការតស៊ូ អំណត់ អត់ធ្មត់ទោះជាជណ្តើរនោះពិបាកឡើងយ៉ាងណា
នេះក៏ព្រោះតែចង់រត់គេចពីភាពក្រីក្រផងដែរ។ អ្នកទាំងនោះភាគច្រើនគឺជាអ្នកមានមុខជំនួញ
សហគ្រិនឬអ្នករកស៊ីជាដើម ពីព្រោះការរកស៊ីរមែងតែងតែជួប រាល់ឧបសគ្គប្រថុយប្រថាន
និងហានិភ័យច្រើន។ ពាក្យចាស់លោកពោលថា “បើមិនសាកម្តេចនឹងដឹង បើមិនប្រឹងម្តេចនឹងបាន”
អ្នករកស៊ីតែងតែចង់សាក និង ចង់ប្រឹងលុះទទួលបានជោគជ័យ និងរស់នៅស្រួល ដូចគេនិយាយថា
ស៊ូលំបាកមុនស្រណុកក្រោយដូច្នេះដែរ។ ដោយសារតែជណ្តើរមានឧបសគ្គច្រើនមែន ទើបធ្វើឲ្យពួកគេជួបឧបសគ្គច្រើន
មានបទពិសោធន៏ច្រើន និងរៀនបានច្រើន។ ក៏មានអ្នកខ្លះប្រឹងខ្លាំងពេក
ភ្លេចគិតពីសុខភាពរបស់ខ្លួន រួចបានស្លាប់ពាក់កណ្តាលទីក៏មាន។
ជណ្តើរទីបីគឺជាជណ្តើរប្រាជ្ញា
កាលណាគេឡើងតាមជណ្តើរនេះ គេតែងតែគិតរំពៃឧបករណ៏ជំនួយជាដើម។ ជណ្តើរតូច
ចោត ប៉ុន្តែខ្លឹម អ្នកដែលបានឡើងកាលណា ប្រើប្រាជ្ញាខ្លាំងគង់តែនឹងឡើងឆាប់ដល់ជាងអ្នកដ៏ទៃ។
ចំពោះអ្នកដែលបានឡើងតាមកាំជណ្តើរនេះ ពោលគឺជាអ្នកមាន ដែលមានគំនិតច្នៃប្រឌិតខ្ពស់
ចេះប្រើបញ្ញារកមធ្យោបាយដែលល្អជាងគេបំផុតនិងលឿនជាងគេបំផុត។ ក្រុមមនុស្សដែលមានចំនេះដឹងជ្រៅជ្រះ
ដូចជាមេធាវី វេជ្ជបណ្ឌិត ឬអ្នកមានដោយសារជំនាញនៃការគិតរបស់ពួកគេ។
ឧបករណ៏ដូចជា ខ្សែ ឈើ ឬកាំបិតដើរជារបស់រកឃើញតាមផ្លូវ ជាឧបករណ៏សម្រាប់ជំនួយពួកគេ
តួយ៉ាងដូចជា៖ សៀវភៅ, ការទំនាក់ទំនង, ការសិក្សា និង ទស្សនៈផ្ទាល់ខ្លួនជាដើម។
នៅពេលដែលគេបានទៅដល់ជាន់លើគេបំផុត
គេក៏បានជួបជាមួយអ្នកគ្រប់គ្រងអគារ ជាមួយនឹងទ្រព្យសម្បត្តិមហាសាលដែលគេរកបាននៅតាមជាន់នីមួយៗ។
នោះបានសេចក្តីថា នៅពេលណាអ្នកកាន់តែមាន អ្នកនឹងមានឱកាសកាន់តែច្រើនចូលទៅកៀកនឹងរដ្ឋាភិបាល។
អ្នកខ្លះក៏ឈប់ត្រឹមជាន់ពាក់កណ្តាលអគារ ព្រោះគេគិតថា ត្រឹមតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេ
ឬពួកគេហៅខ្លួនឯងថាជាមនុស្សមិនចេះ លោភលន់ជាដើម។ បើអ្នកឡើងតាមជណ្តើរទីពីរនិងបីវិញ
ប្រហែលជាពួកគេរកលែងឃើញនូវវិធីសាស្រ្ត ឬអស់គំនិត ឬក៏ហត់ពេក ទើបគេឈប់ហើយលែងចង់បន្តដំណើរត្រឹមពាក់កណ្តាលផ្លូវដូច្នេះ
ពួកនេះភាគច្រើនគឺជាវណ្ណៈកណ្តាល (Middle Class
People).។
ពិភពលោកធំអស្ចារ្យ ទេសភាពស្រស់ត្រកាលលាយឡំជាមួយនឹងរឿងរ៉ាវជាច្រើនដែលគេមិនដែលដឹង
នេះគឺជាអ្វីដែលពួកអ្នកមានកប់ពពកមើលឃើញពីលើអគារ នោះបានសេចក្តីថាពេលណាគេកាន់តែឈានដល់កម្រិតកាន់តែខ្ពស់
គេមើលដឹងរឿងរ៉ាវនៃសង្គមមនុស្សកាន់តែច្រើន។ គេបុណ្យឲ្យតែអ្នកគ្រប់គ្រងអគារសាងសងបន្ថែមទៀតអាងខ្លួនបានឡើងកាន់តែខ្ពស់។
សំលឹងចុះមកក្រោមឃើញសុទ្ធតែក្រុមមនុស្សតតិយលោក ក្ររយីករយៀក បានត្រឹមតែឈរមើល
ខ្លះអង្គុយ ខ្លះដេកសំលឹងមើលមកពួកគេទាំង ក្តីអស់សង្ឃឹម ហើយសញ្ចឹងគិតថា
គេគ្មានសំណាងឯណាបានឡើងដល់កំពូលលើអគារ ឬអ្នកខ្លះមិនហ៊ានឡើងឡើយ
ព្រោះខ្លាចហត់ជាដើម។ នេះហើយទើបបានជាអ្នកក្រនៅតែក្រ ហើយអ្នកមានរឹតតែមាន។
បើអ្នកមានណាចិត្តល្អ ពួកគេនឹងត្រួសត្រាយកាំជណ្តើរដែលខ្លួនធ្លាប់ឆ្លងកាត់ឲ្យបានល្អ
និងងាយស្រួលឡើង អាងមានអ្នកបន្តឡើងតាម។ តែប្រសិនបើគេធ្វើមែននោះ គឺគេធ្វើសម្រាប់តែបងប្អូនសាច់សារលោហិតរបស់គេតែប៉ុណ្ណោះ
កម្រមានអ្នកធ្វើសម្រាប់អ្នកដ៏ទៃណាស់ ដូចពាក្យចាស់លោកពោលថា ធ្វើស្រែនឹងទឹក
ធ្វើសឹកនឹងបាយជាដើម។
ក្រលេកមើលអ្នកគ្រប់គ្រងអាគារវិញ
គឺតំណាងឲ្យរដ្ឋាភិបាលនៃប្រទេស។ បើអ្នកគ្រប់គ្រងនោះល្អឬឆ្លាត គេនឹងត្រួសត្រាយជណ្តើរឲ្យល្អខ្លះ
ម្ល៉េះអ្នកក្រទាំងនោះបានឡើងដែរ នោះគេនឹងមានកំលាំងពលកម្មច្រើន
ដើម្បីសាងសង់អាគារនោះឲ្យខ្ពស់ជាងមុន។ ដូចគ្នានឹងរដ្ឋាភិបាលដែលល្អឆ្លាត
នឹងដឹកនាំប្រជាជនខ្លួនឯងឲ្យរួចផុតពីភាពក្រីក្រ នោះប្រទេសជាតិក៏មានការរីកចម្រើនតាមហ្នឹងដូចគ្នា។
នៅក្នុងទីក្រុងទាំងមូល(ពិភពលោក) គេឃើញមានអាគារខ្លះខ្ពស់ស្អេកស្កះ ខ្លះទាបខ្លះខ្ពស់មិនស្មើរគ្នាឡើយ។
អគារដែលខ្ពស់ៗតំណាងឲ្យប្រទេសដែលខ្លាំងៗ មានលុយនិងមានអំណាច។ អគារទាបៗគឺជាប្រទេសទន់ខ្សោយ
ឬប្រទេសអ្នកក្រ ទៅតាមកំរិតរបស់វា។
សរុបមកទ្រឹស្តីនៃអាគារហេតុផលនេះគឺចង់បង្ហាញពីហេតុដែលបណ្តាលឲ្យមានឬក្រ
និងផលដែល ទទួលបានពីសកម្មភាពរបស់ពួកគេ។ អ្នកដែលបានបញ្ជេញសកម្មភាពច្រើននឹងទទួលបានផលច្រើន
អ្នកបញ្ចេញតិចនឹងទទួលតិច និងអ្នកមិនបញ្ចេញសោះនឹងមិនទទួលបានអ្វីសោះ។
ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកមានអ្នកត្រូវចេះត្រិះរិះពិចារណា បញ្ចេញសកម្មភាពឲ្យច្រើន
និងមានការតស៊ូអត់ធ្មត់ នោះអ្វីដែលអ្នកធ្លាប់ស្រមៃគង់តែនឹងក្លាយជាការពិតនៅថ្ងៃណាមួយជាក់ជាពុំខានឡើយ៕
និពន្ធ និងរក្សាសិទ្ធិដោយ កែវ សុង
អត្ថបទល្អសម្រាប់ដុសខាត់គំនិត
ReplyDelete