Skip to main content

ទុកទុកដែលសង្គមគោរពស្រលាញ់

ទុកទុកដែលសង្គមគោរពស្រលាញ់


               ទុកទុកឬរ៉ឺម៉ក់កង់បីបានចូលរួមអភិវឌ្ឍន៏សង្គមកម្ពុជាបានមួយចំនែក និងអាចជួយជីវភាពប្រជាពលរដ្ឋក្រីក្របានមួយភាគផងដែរ។ ដោយសារតែទុកទុកគឺជាមធ្យោបាយធ្វើដំណើរទីមួយដែលភ្ញៀវទេសចរណ៏និយមជិះលេងនិងទស្សនានូវទេសភាពតាមដងផ្លូវនៅតំបន់ទេសចរណ៏នានានិងទីក្រុង។ មិនថាភ្ញៀវទេសចរណ៏បរទេសនោះទេ សូម្បីតែប្រជាជនកម្ពុជាក៏បានជ្រើសរើសទុកទុកជាមធ្យោបាយធ្វើដំណើរទៅផ្សារឬទៅកន្លែងផ្សេងៗ និងជាសេវាដឹកជញ្ជូនឥវ៉ាន់ដែរមានតម្លៃថោកជាងឡានជាដើម។ អាចនិយាយបានថាទុកទុកក៏បានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិបានដែរ។
បើទោះបីជាយ៉ាងនេះក្តី ទុកទុកក៏ជាទុក្ខកង្វល់របស់អ្នកបើកបរតាមផ្លូវជាពិសេសគឺជាឆ្អឹងទទឹងកររបស់អ្នកបើករថយន្តមួយចំនួនធំដោយសារតែអាកប្បកិរិយាបើកបរមិនសមរម្យរបស់ម្ចាស់ទុកទុក  នេះតែម្តង។​ (រ៉ឺម៉ក​កង់បី​ជា​ឆ្អឹង​ទទឹង​ក​របស់​អ្នក​បើក​រថយន្ត​ឬ?)
ជានិច្ចកាលគេឃើញមានការប៉ះទង្គិចគ្នាជារ៉ើយៗដោយសារតែទុកទុកទាំងនោះជិះកៀរឡានរហូតដល់មានពេលខ្លះធ្វើឲ្យឆ្កូតថ្នាំឡានគេនិងកំប៉ិតជាដើម។ តួរយ៉ាងដូចករណីរបស់ឧកញ្ញា ដួងឆាយ ដែលត្រូវបានទុកទុកជិះកៀរខូចថ្នាំឡាន រហូតដល់ទៅពីរលើក​ ដោយលើកទីមួយ រ៉ឺម៉ក់កង់បី មួយបានបើកបញ្ច្រាស់ផ្លូវទាំងស្ថានភាពស្រវឹង រួចក៏ជ្រុលទៅប៉ះឡានរបស់លោក និងលើកទីពីរបុកពីក្រោយ។ ដើម្បីបញ្ចប់រឿង ម្ចាស់ទុកទុកគ្មានអ្វីក្រៅពីលើកដៃទាំងពីរសុំទោសនោះទេ តែជាការឆ្លើយតបឧកញ្ញា ដួងឆាយ គ្រាន់តែឲ្យបោះសម្រាម និងព្រមានជាពាក្យសម្តីតែប៉ុណ្ណោះ។ នេះសំណាងហើយដែរប៉ះចំ ឧកញ្ញា ដែរមិនចង់មានរឿងវែងឆ្ងាយ ចុះទម្រាំបើប៉ះចំជើងកាងក្រុងដែរបើកឡាន Tundra បុកម៉ូតូគេហើយដឹកម៉ូតូគេទៅដុតចោលទៀតនោះ តើអ្នកបើកទុកទុកទាំងពីរលើកនោះនឹងទៅជាយ៉ាងណា?
បើទោះបីជាមានបញ្ហាជាច្រើនលើកច្រើនសារច្រើនករណីយ៉ាងណាក្តី ក៏គេមិនដែរឃើញរដ្ឋាភិបាល ឬអាជ្ញាធរដែនដីមានវិធានការអ្វីជាដំកំភួនដើម្បីដោះស្រាយរឿងរ៉ាវរវាង ទុកទុកនិងរថយន្តនេះដែរ។ ប្រហែលជាមន្ត្រីទាំងនោះពេលទៅណាមកណា តែងតែមានម៉ូតូឡានសារ៉ែនការពារហើយ ទើបពួកគាត់មិនដែរជួបករណីបែបនេះ និងមិនចេះឈឺក្បាលព្រោះវាមិនមែនជារឿងគ្រួសាររបស់គាត់។
 គេឃើញមានទុកទុកនៅគ្រប់ទីប្រជុំជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែនៅទីក្រុងភ្នំពេញ ចំនួនទុកទុកមានមិនតិចជាងប្រាំបីពាន់គ្រឿងនោះទេ។ ចំនួនដ៏ច្រើនលើសលប់នេះក៏អាចបង្ករឲ្យមានការស្ទះចរាចរណ៏ផងដែរ ខណៈដែលចំនួនយាន្តយន្តដែលបានចុះបញ្ជីមានការកើនឡើង ១៤ភាគរយ ពោលគឺ៣,២លានគ្រឿងបើប្រៀបធៀបពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ នេះបើតាមរបាយការណ៏របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនប្រចាំឆ្នាំ២០១៦កន្លងទៅ។
ដូចនេះដើម្បីកុំឲ្យទុកទុកឬរ៉ុម៉ក់កង់បីមានបញ្ហាតទៅទៀត អ្នកបើកទុកទុកគួរគប្បីអនុវត្តន៏គោលការណ៏ទាំងប្រាំបីដូចតទៅ៖
1.    មិនត្រូវជិះបញ្ច្រៀត៖ អ្នកបើកកង់បី មិនត្រូវជិះបញ្ជ្រៀតជាមួយនឹងឡាន ឬម៉ូតូឡើយ ព្រោះនាំឲ្យមានការប៉ះពារគ្នាទៅវិញទៅមក។
2.    ត្រូវបើកលើខ្សែជាមួយរថយន្ត៖ បើទោះបីទុកទុកមានម៉ូតូជាក្បាលម៉ាស៊ីនក៏ដោយ ប៉ុន្តែមាឌនិងទំហំសឹងតែស្មើរនឹងកូនឡានមួយទៅហើយ ដូច្នេះអ្នកបើកទុកទុកទាំងអស់គួរតែបើកតាមខ្សែជាមួយរថយន្ត និងឲ្យមានសណ្តាប់ធ្នាប់ ដើម្បីកុំឲ្យបិទផ្លូវម៉ូតូ។
3.    ត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបត់៖ ដោយមានពេលខ្លះអ្នកបើកកង់បីមួយចំនួនមិនបានមើលក្រោយ ឬឆ្វេងស្តាំនោះទេ ពោលគឺចង់បត់ត្រូវបត់ភ្លាមៗតែម្តង ដែរហេតុនេះបានបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងអ្នកបើកកង់បីខ្លួនឯងផងដែរ។
4.    មិនត្រូវបើកបរបញ្ច្រាស់ផ្លូវ៖ ការបើកបរបញ្ច្រាស់ផ្លូវជាប្រភពដែរបង្ករឲ្យមានការកកស្ទះចរាចរណ៏ និងអាចបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ដូចករណីឧកញ្ញា ដួងឆាយ ពីខាងដើម។ ដូចអ្វីដែរបាននិយាយពីខាងលើ ទោះបីទុកទុកមានម៉ូតូជាក្បាលម៉ាស៊ីនក្តី ប៉ុន្តែមាឌនិងទំហំសឹងតែស្មើរនឹងកូនឡានមួយទៅហើយ ការបើកបញ្ច្រាស់របស់កង់បីអាចបិទផ្លូវម្ខាងទៀតបាន។
5.    ត្រូវគោរពភ្លើងសញ្ញាចរាចរណ៏៖ មិនថាឡានឬម៉ូតូឡើយ ទុកទុកក៏ជាយាន្តជំនិះមួយដែរ។
6.    បើស្រវឹងសូមកុំបើកបរ៖ ពាក្យស្លោកនេះត្រូវគេបានលឺបានដឹងគ្រប់ៗគ្នា។ គេឃើញមានអ្នករត់កង់បីមួយចំនួនជួបជុំផឹកស៊ីតាមចញ្ចើមផ្លូវដោយមិនខ្វល់ពីភ្នែកអ្នកដ៏ទៃ។ បើទោះបីជាយ៉ាងនេះក្តីអ្នករត់កង់បីគួរតែពិសារដោយទទួលខុសត្រូវ និងគិតពីសុវត្ថិភាពខ្លួនពេលត្រលប់ទៅផ្ទះវិញផងដែរ។
7.    ត្រូវចតឲ្យមានសណ្តាប់ធ្នាប់៖ គេឃើញមានការបង្ហោះរូបនិងវីដេអូជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក លាយឡំជាមួយនឹងសារមួយចំនួនថា ការចតមិនចេះគិតរបស់អ្នករត់កង់បី ដោយខ្លះចតលើទ្រូងផ្លូវ ខ្លះចតជាពីរជួរ ហើយខ្លះទៀតចតលើគំនួសសញ្ញាចរាចរណ៏ជាដើម ដែរជាហេតុនាំឲ្យមានការកកស្ទះចរាចរណ៏។
8.    ត្រូវចេះច្បាប់ចរាចរណ៏៖ បើទោះបីទុកទុកមិនមានសាលាបង្រៀនបើកបរក្តី តែដើម្បីសុវត្ថិភាពភ្ញៀវតាមដងផ្លូវ អ្នករត់កង់បីទាំងអស់ គួរតែចេះច្បាប់ចរាចរណ៏ខ្លះដែរ។

ប្រសិនបើអ្នករត់ទុកទុកអាចគោរពតាមគោលការណ៏ទាំង 8 ខាងលើ នោះស្ថានភាពចរាចរណ៏អាចនឹងល្អប្រសើរជាងមុនបានមួយកំរិត។ លើសពីនេះទៅទៀតក៏អាចធ្វើឲ្យអ្នកដំណើរតាមដងផ្លូវដ៏ទៃទៀត ជាពិសេសអ្នកបើករថយន្តនឹងគោរពស្រលាញ់ជឿរជាក់។  ស្ថានភាពចរាចរណ៏ល្អប្រសើរ និងមានអ្នកគោរពចូលចិត្តទៀត  នោះកំនើនអ្នកជិះទុកទុកក៏ប្រហែលជាមានការកើនឡើងផងក៏មិនដឹង។

          ដូចច្នេះប្រសិនបើសង្គមយើងមានប្រជាជនដែលមានការយល់ដឹងច្រើន មានការអត់អោនឲ្យគ្នា និងចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកនោះ យើងទាំងអស់គ្នានឹងបើកបរដោយស្នាមញញឹម និងសុវត្ថិភាពជាក់ជាមិនខាន។
រៀបរៀងដោយ​៖ កែវ សុង
Download this article
Like My Facebook Page

Comments

Popular posts from this blog

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តា...

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលប...

ដំណើរវិវឌ្ឍន៍បច្ចេកវិទ្យា មកដល់ប្រពន្ធ័វៃឆ្លាត AI

ចាប់តាំងពីមនុស្សចេះប្រើភ្លើងចម្អិនអារហារ រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងកាយនិងកេរ្តិ៏ខ្មាស់របស់ខ្លួនមក ពិភពលោកហាក់បាន ប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស។ រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនះជាមធ្យោបាយធ្វើដំណើរជាសក្ខីកម្មដែលសរបញ្ជាក់ថា បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន ហ្វេ្រនគ្លីន ( Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកប្រើផលិតជាពន្លឺពីអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅជំនាន់ដោយការបង្រៀន និងការរៀនពីវប្បធ៌មចែករំលែកចំណេះដឹង និងការយល់ដឹងទៅឱ្យគ្នាទៅវិញទៅមក និងបង្កើតគំនិតថ្មីៗពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ មនុស្សចេះបង្កើតវប្បធ៌ម អរិយ្យធ៌ម និងក្បួនច្បាប់ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចេះដឹងចេះយល់ និងស្វែងរកអ្វីដែលថ្មីថ្មោង។ នេះហើយជាចំណុចដែលធ្វើឱ្យមនុស្សខុសគ្នាពីសត្វ ព្រោះសត្វជំនាន់មុនៗមិនបានបង្រៀន ឬក្បួនច្បាប់ឱ្យសត្វជំនាន់ក្រោយនោះឡើយ។ វាត្រូវចាប់ផ្តើមពីចំណុចសូន្យឡើងមកវិញទាំងអស់នៅពេលដែលវាចាប់ផ្តើមឃើញពន្លឺព្រះសូរិយាដំបូង ហើយអ្វីៗត្រូវរៀននិងស្វែងរកដោយខ្លួនឯងនិងប្រព្រឹត្តិទៅតាមធម្មជាតិដោយសម្ម...