រ៉ាយរ៉ាប់រឿងរ៉ាវរាប់រយនៃកោះរ៉ុង
កោះរ៉ុង
គឺជាតំបន់ទេសចរណ៏ដែលកំពុងតែពេញនិយមនិងបង្អួតសម្រស់នៅទិសនិរតី
នៃព្រះរាជាណាចក្រកម្ពុជា។ កោះរ៉ុងដ៏ល្អឯកបានហែកបេះដូងភ្ញៀវទេសចរណ៏ជាតិ និង
អន្តរជាតិ ឲ្យទៅគយគន់សម្រស់ឆ្នេរខ្សាច់ដ៏សរខ្ចី និងទឹកសមុទ្រដ៏ខៀវស្រងាត់របស់ខ្លួនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
នៅពេលគេបានទៅលេងកំពង់សោម គេមិនដែលភ្លេចឡើយវត្ថុទិព្វនៅទីនោះគឺកោះរ៉ុងនេះឯង ហើយវាមិនខុសអ្វីដែលនៅសៀមរាបមានប្រាសាទអង្គរវត្តនោះទេ។
ស្ថិតក្នុងខេត្តព្រះសីហនុ
យើងត្រូវធ្វើដំនើរដោយទូកប្រមាណ ៣៤គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ កោះដ៏ល្បីឈ្មោះមួយនេះមានផ្ទៃក្រឡា
៧៨គីឡូម៉ែត្រការ៉េ។ គេមិនបានដឹងឡើយថាកោះនេះមានមនុស្សរស់នៅតាំងពីពេលណាទេ
តែរហូតមកដល់សព្វថ្ងៃនេះមានប្រជាជនកំពុងរស់នៅជាអចិន្រ្តៃយ៏ សរុបប្រមាណជិត២ពាន់នាក់
ដែលកំពុងប្រកបមុខរបររកស៊ីលក់ដូរ, នេសាទ, រត់ទូក និងបម្រើសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៏
ផងដែរ។ កោះរ៉ុងមានសង្កាត់មួយ ហៅថាសង្កាត់កោះរ៉ុង ដែលក្នុងនោះមាន ៥ភូមិ រួមមាន៖
ភូមិកោះរ៉ុង, ភូមិដើមថ្កូវ, ភូមិព្រែកស្វាយ, ភូមិកោះតូច និង ភូមិសុខសាន្ត។
បើទោះបីកោះនេះមើលទៅដូចជាអស្ចារ្យក៏ពិតមែន ប៉ុន្តែប្រវត្តិនៃកោះនេះក៏មិនធម្មតានោះដែរ។ បើតាមបុរសម្នាក់ដែរជាអ្នកបើកទូកទេសចរណ៏
(Slow boat) ទៅកោះរ៉ុងមួយរូប ហើយក៏ជាអ្នករស់នៅលើកោះនោះម្នាក់ដែរបានប្រាប់ថា
លោកមករស់នៅលើកោះទីនេះតាំងតែពីឆ្នាំ ២០០២ មកម្ល៉េះ។ លោកបានរៀបរាប់ពី ព្រឹត្តិការណ៏ដែលគាត់បានដឹងថា
កាលពីប្រមាណ ១៥ឆ្នាំមុន អ្នកស្រុកកោះរ៉ុងរស់នៅយ៉ាងវេទនាក្រៃលែង ព្រោះកាលនោះ
អ្នកស្រុកពិតជាពិបាករកអ្វីមកបរិភោគណាស់ បើសិនជាទៅនេសាទ កាលនោះគឺសំបូរទៅ ដោយព្យុះ
ហើយមានរយៈពេលវែងថែមទៀតផង។ បើនៅលើកោះវិញ ភាគច្រើនសុទ្ធតែថ្ម និងខ្សាច់
ពិបាកដាំដុះដំណាំថែមខ្លាំងណាស់ហើយ ទម្រាំតែរង់ចាំទូក ទៅកំពង់សោម
ពួកគេត្រូវរង់ចាំរហូតដល់ទៅ ១សប្តាហ៏ទើបមានទូកមកមួយៗ។
បើស្តាប់ទៅគឺអ្នកស្រុកហាក់ដូចជារស់នៅដូចសម័យកម្ពុជាប្រជាធិបតេយ្យ ប៉ុលពតដែលពិបាករកអ្វីហូបចុកដូច្នោះដែរ
គ្រាន់តែពួកគេគ្មានអ្នកកៀបសង្កត់តែប៉ុណ្ណោះ។
ក្នុងអំឡុងឆ្នាំ
២០០៣ ឬ ២០០៤ អ្នកស្រុកនៅលើកោះរ៉ុង បានចាយលុយបាត បើទោះបីជាកោះនេះជារបស់ខ្មែរមែនពិត
នោះក៏ប្រហែលជាមានព្រំប្រទល់នៅជិតប្រទេសថៃផងក៏មិនដឹងដែរ។
នៅក្បែរកោះរ៉ុងមានកោះតូចមួយទៀត ដែលគេហៅថា កោះតូច។ បើតាមសម្តីអ្នកបើកទូកដ៏ដែល
បានប្រាប់ថា កោះតូចនោះ
គឺជាទីកន្លែងសក្ការៈបូជាដ៏សក្តិសិទ្ធផ្ទាល់របស់អ្នកស្រុកកោះរ៉ុងតែម្តង។
ជារៀងរាល់ឆ្នាំ អ្នកស្រុកតែងតែនាំដង្វាយ
ទៅសែនព្រេននៅទីនោះដើម្បីសុំសេចក្តីសុខសប្បាយ ទៅតាមជំនឿរ របស់ពួកគេថែមទៀតផង។ ជាងនេះទៅទៀត
កោះតូចក៏ជាតំបន់ទេសចរណ៏ដ៏សម្ខាន់មួយរបស់កោះរ៉ុងដែរ។ ជារឿយៗ អ្នកទេសចរណ៏ តែងតែទៅទីនោះក្នុងគោលបំណងដើម្បី
ជ្រមុជទឹកមើលផ្កាថ្ម និងធនធានធម្មជាតិក្រោមបាតសមុទ្រ ដ៏សម្បូរបែបដែលស្ថិតនៅព័ទ្ធជុំវិញកោះតែម្តង។
តែកុំភ័យឲ្យសោះ នៅទីនោះមិនមានឆ្លាម ដូចអ្វីដែលអ្នកធ្លាប់មើលក្នុងភាពយន្តនោះទេ។ អ្នកបើកទូកវ័យ៣២ឆ្នាំរូបនេះ បានប្រាប់ថា
នៅក្នុងសមុទ្រខ្មែរមានតែនៅកោះព្រីងទេ ដែលស្ថិតនៅឆ្ងាយទៀតពីកោះរ៉ុងតែមួយគត់ទើបមានឆ្លាម
ហើយមានតែមួយប្រភេទគត់ដែលគេហៅថា ឆ្លាមប៉ារ៉ា។ បើទោះបីវាមានឈ្មោះជាឆ្លាមមែនពិត ត្បិតអីចំណីរបស់វាគឺជាត្រីដែរតូចៗជាងវា
តែវាមិនចេះស៊ីមនុស្សនោះឡើយ។ គិតទៅប្រហែលជាឆ្លាមនឹងតូចទេមើលទៅបានវាមិនហ៊ានស៊ីមនុស្សដូច្នេះ
តែវាមិនដូចអ្វីដែរអ្នកគិតឯណា អ្នកបើកទូកបានប្រាប់បន្តថា ឆ្លាមប៉ារ៉ាមានប្រវែងប្រហែលជា៥
ទៅ ៦ម៉ែត្រឯណោះ ហើយមានអាខ្លះទៀតជិត១០ ម៉ែត្រក៏មានដែរ ដោយហេតុនេះហើយទើបគេឲ្យរហ័សនាមវាថាជាឆ្លាមកាន់សីល។
យើងងាកមកមើលទូកនៅកោះរ៉ុងវិញ
កាលពី៥ឆ្នាំមុនមានតែ ទូកប្រភេទ slow boat តែប៉ុណ្ណោះដែរដឹកភ្ញៀវទៅវិញទៅមកបាន មិនដូចឥឡូវមានទូកជាច្រើនប្រភេទរួមមាន៖
Ø
Speed Ferry៖ គឺជាទូកល្បឿនលឿនដើរដោយស្លាប់ចាក់
៤ក្លែបធំៗដែលមានកំលាំងខ្លាំង សម្រាប់ដឹកភ្ញៀវទេសចរណ៏ពីខេត្តព្រះសីហនុ។
Ø
Taxi Boat៖
សម្រាប់ដឹកភ្ញៀវទេសចរណ៏ពីកោះរ៉ុងទៅកន្លែងជិតៗ ដូចជាទៅកោះតូចជាដើម។
Ø
Supply Boat៖ សម្រាប់ដឹករបស់របរ ដូចជាគ្រឿងឧបភោគបរិភោគ,
សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពីខេត្តព្រះសីហនុដើម្បីយកមកផ្គត់ផ្គង់នៅលើកោះទាំងមូល
ក៏ដូចជាដឹកសម្រាមពីកោះរ៉ុងទៅខេត្តព្រះសីហនុវិញផងដែរ។
Ø
Slow boat៖គឺជាទូកសម្រាប់ដឹកភ្ញៀវទេសចរណ៏ដែរ វាមានស្លាបចាក់៤ក្លែបដូច
speed ferry ដែរ តែវាមានកម្លាំងខ្សោយជាង និងល្បឿនយឺតជាង។
ឥឡូវក្រលេកមើលការអភិវឌ្ឍន៏វិញម្តង
កោះរ៉ុងត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធសម្បទានទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រយៈពេល
៩៩ឆ្នាំ ដើម្បីអភិវឌ្ឍន៏ឲ្យក្លាយជាតំបន់ទេសចរណ៏ដ៏វិសេសវិសាលមួយ។ អ្នកបើកទូកបានប្រាប់ថា
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចាប់ផ្តើមអភិវឌ្ឍន៏ដោយបណ្តេញអ្នកស្រុកនៅទីនោះទៅកាន់កន្លែងផ្សេងព្រោះងាយស្រួលធ្វើការ។
បើទោះបីជាក្រុមហ៊ុនរកកន្លែងថ្មីឲ្យក៏ដោយ ក៏អ្នកស្រុកមិនព្រមចាកចេញពីទីនោះដែរ ពីព្រោះពួកគេស្តាយដីកេរ្ត៏ពីបុព្វបុរសដែរបន្សល់ទុកឲ្យ
ដែលនេះបានធ្វើឲ្យក្រុមហ៊ុនមានតែបង្ខំចិត្តអភិវឌ្ឍន៏ដោយទុកអ្នកស្រុកនៅនឹងកន្លែង។
ក្រុមហ៊ុនក៏កំពុងតែសាងសងសណ្ឋាគារផ្កាយប្រាំនៅទីនោះ តាំងពីខ្សាច់សរក្លាយទៅជាព៌ណក្រហមឆ្អិនឆ្អៅអស់រលីង
នេះបើតាមអ្នកបើកទូកដដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ
ការអភិវឌ្ឍន៏នេះក៏បានជួយសម្រួលដល់ជីវភាពអ្នកស្រុកនៅទីនោះផងដែរ។ ដូចអ្វីដែរបានរៀបរាប់ពីខាងដើមមក
ពួកគេកំពុងប្រកបមុខរបរលក់ដូរ, នេសាទ,
រត់ទូក និងបម្រើសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវទេសចរណ៏។
យើងមកនិយាយរឿងអ្នកបើកទូកដែលសុំមិនបញ្ចេញឈ្មោះដែរខ្ញុំបានសម្ភាសន៏នេះវិញម្តង។
លោកមានស្រុកកំណើតនៅស្រុកវាលរេញខេត្តព្រះសីហនុ ក្នុងវ័យ៣២ឆ្នាំលោកបានមករស់នៅលើកោះរ៉ុងនេះតាំងពីឆ្នាំ២០០២មកម្ល៉េះបើគិតទៅកាលនោះលោកប្រហែលជាអាយុ
១៧ឆ្នាំ។លោកគឺជាបន្ទុកដ៏ធ្ងន់មួយក្នុងគ្រួសារដែរមានប្រពន្ធនិងកូន២នាក់បានពឹងផ្អែកលើលោកទាំងស្រុង។
មានបទពិសោធន៏ជាអ្នកបើកទូកជិត១០ឆ្នាំមកហើយនោះ សព្វថ្ងៃលោកជាបុគ្គលិកកំពុងតែបម្រើការឲ្យក្រុមហ៊ុនដឹកភ្ញៀវទេសចរណ៏មួយមានតួរនាទីជាអ្នកបើកទូក slow boat។ បើនិយាយពីប្រាក់ខែវិញគឺច្រើនគួរសមដែរ
លោកនិយាយរាងអៀនបន្តិចដែរថា គេឲ្យប្រាក់ខែចំនួន ៧០០ដុល្លារដែរ ព្រោះដោយសារតែបទពិសោធន៏ដ៏ក្រាស់ក្រែលរបស់គាត់នេះឯង
ហើយគួបផ្សំជាមួយនឹងលុយធីបពីភ្ញៀវទេសចរណ៏ទៀតនោះ ក្នុង១ខែលោកអាចរកចំណូលបានជិត
១០០០ដុល្លារឯណោះ។
ទម្រាំតែបានថ្ងៃនេះលោក
ជួបឧបសគ្គជាច្រើនដូចជាជួបព្យុះពេលកំពុងបើកបរ មើលផ្លូវមិនឃើញពេលបើកយប់ ដោយមិនអាចបើកភ្លើងបាន
ព្រោះខ្លាចចំណាំងផ្លាតពីទឹកសមុទ្រមកវិញរឹតតែមើលមិនឃើញទៀត។ ក្នុងនាមជាអ្នកបើកទូក
លោកតែងតែបារម្ភពីភ្ញៀវជានិច្ច ព្រោះគេបានផ្ញើរជីវិតលើកណ្តាប់ដៃរបស់គាត់ទាំងអស់។ ហេតុដូច្នេះទើបលោកបុណ្យឲ្យតែជូនភ្ញៀវទៅដល់គោលដៅឆាប់ៗនោះទេ។
បើតាមយោបល់គាត់
ភ្ញៀវទេសចរណ៏ដែរមានបំណងចង់មកលេងកោះរ៉ុងនេះ គួរតែមកលេងក្នុងចន្លោះខែ៣ ដល់ខែ៥
ពោលគឺខែមិនា ដល់ខែឧសភា ព្រោះវាជាពេលដែលមានអាកាសធាតុល្អ។ មិនគួរទៅលេងឡើយចន្លោះខែ
៦ដល់ ខែ៨ ឬ ខែមិថុនា ដល់ ខែសីហា ដែលជាខែភ្លៀងដែលសម្បូរទៅដោយផ្គររន្ទះ ខ្យល់កន្ត្រាក់
និងមានរលកធំៗជារ៉ើយៗ និងមានពេលខ្លះអាចមានព្យុះនៅពេលធ្វើដំនើរក៏ថាបាន។
ជាចុងក្រោយ
ក្នុងនាមជាយើងជាភ្ញៀវទេសចរណ៏ជាតិ យើងទាំងអស់គ្នាក៏គួរតែជួយថែរក្សាដីកោះមួយនេះឲ្យមានសម្រស់កាន់តែស្រស់ស្អាតស្ថិតស្ថេរជាអមតៈ
ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាសនៅលើដែនឆ្នេរដ៏អស្ចារ្យនេះឡើយ។ ក្នុងនាមជាខ្មែរ
យើងត្រូវចូលរួមថែរក្សាបរិស្ថានដែរធម្មជាតិបានផ្តល់ជាកាដូដ៏ស្រស់បំព្រងមួយនេះសម្រាប់ប្រជាជាតិខ្មែរទាំងមូលឲ្យបានគង់វង្សជារៀងដ៏រាប៕
Comments
Post a Comment