Skip to main content

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ?

រ៉ឺម៉កកង់បី ជាឆ្អឹងទទឹងករ របស់អ្នកបើករថយន្តឬ?
រ៉ឺម៉ក​កង់បី​ក្នុង​ពេល​កំពុង​វ៉ា​គ្នា​ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​គ្នា​ស្ទើរតែ​គេច​មិន​ផុត។ រូបថត កែវ សុង

នៅក្នុង​រាជធានី​ភ្នំពេញ​មាន​រ៉ឺម៉ក​​កង់បី​មិន​តិច​ជាង​​ ៣ ​ម៉ឺន​គ្រឿង​ទេ​​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​ និង​​ចត​ចោល​នៅ​តាម​ដង​ផ្លូវ​សព្វ​ថ្ងៃ​នេះ​នៅ​​មិន​ទាន់​គិត​ពី​ចំនួន​ទាំងអស់​នៅ​​ទូទាំង​ប្រទេស​ផង​។
ជា​ទូទៅ​រ៉ឺម៉ក​កង់បី​ ឬ​ម៉ូតូ​កង់បី និង​ហៅ​បែប​សាមញ្ញ​ថា​កង់បី ឬ​ទុក​ទុក​ (TukTuk) ​នោះ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​​ភ្ញៀវ​អន្តរជាតិ​កំពុង​តែ​និយម​ជ្រើសរើស​យក​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​ និង​ដឹក​អីវ៉ាន់​ជាដើម​។
ដោយសារ​វា​អាច​​ផ្ទុក​មនុស្ស​បាន​ច្រើន​ជាង​ម៉ូតូ​ឌុប​ និង​មាន​តម្លៃ​ថោក​ជាង​ឡាន​តាក់ស៊ី​ទៀត​នោះ​ទើប​ធ្វើឲ្យ​ពលរដ្ឋ​ទូទៅ​ និង​ភ្ញៀវទេសចរ​និយម​ពឹង​ផ្អែក​ជា​យានជំនិះ​​សម្រាប់​ដឹក​ពួកគេ​ហើយ​វា​ស្ទើរ​តែ​ក្លាយ​ជា​​អត្តសញ្ញាណ​ជាតិ​មួយ​ទៅ​ហើយ​។
បើ​ទោះបី​ជា​យ៉ាង​​ណា​ក៏ដោយ​សម្រាប់​អ្នក​បើកបរ​រថយន្ត​វិញ​ហាក់​ដូចជា​មិន​សូវ​សប្បាយ​ និង​មិន​ចូលចិត្ត​អ្នក​រត់​កង់បី​ទាំង​នោះ​ទេ។ ​ពួកគេ​មើល​ឃើញ​ថា​អ្នក​រត់​កង់បី​មួយ​ចំនួន​មាន​​ចរិត​ច្រងេង​ច្រងាង និង​​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​ហើយ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ។
ក្នុង​ចំណោម​អ្នក​បើក​ឡាន​ដប់​នាក់​ទំនង​ជា​មាន​ប្រាំបួន​នាក់​​ទៅ​ហើយ​ដែល​បាន​ត្អូញត្អែរ​ពី​ចរិត​​បើកបរ​របស់​ក្រុម​ម៉ូតូ​កង់បី​ទាំង​នោះ​។ មាន​អ្នក​បើកបរ​ដែល​បាន​និង​កំពុង​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​នៅ​តាម​ដងផ្លូវ​ជាច្រើន​​នាក់​បាន​លើក​ឡើង​ថា​ជា​រៀងរាល់​ព្រឹក​នៅ​ពេល​ដែល​គាត់​បើក​រថយន្ត​ទៅ​ធ្វើការ​ម្តងៗ​គាត់​តែងតែ​​ឃើញ​កង់បី​ជិះ​វ៉ា​គាត់​​ជានិច្ច​បើ​ទោះបី​ជា​ផ្លូវ​ស្ទះ​ និង​រ៉ឺម៉ក​ធំ​យ៉ាង​ណា​ក៏ដោយ​ហើយ​មាន​​ពេល​ខ្លះ​ប៊ិះ​តែ​នឹង​ប៉ះ​ឡាន​​គាត់​ក៏​មាន​ដែរ។
មាន​​ឈ្មោះ​ជា​ម៉ូតូ​មែន​ពិត​ប៉ុន្តែ​ទំហំ​ និង​​​មាឌ​ប្រហាក់​ប្រហែល​នឹង​កូន​ឡាន​មួយ​ទៅ​ហើយ​ប៉ុន្តែ​អ្នក​បើកបរ​វិញ​នៅ​តែ​បើក​តាម​របៀប​ម៉ូតូ​ដដែល​ហើយ​ក៏​ព្រោះ​តែ​ពួកគាត់​មាន​ទម្លាប់​បើក​ម៉ូតូ​ស្រាប់​ផង​នោះ​ទើប​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​កង់បី​មួយ​ចំនួន​ប្រជ្រៀត​ជាមួយ​នឹង​ម៉ូតូ​ និង​ទោចក្រ​យានយន្ត​ដទៃ​ហើយ​ថែម​ទាំង​មិន​គោរព​ច្បាប់​ចរាចរណ៍​ទៀត​ផង​។
ការ​បើកបរ​ប្រជ្រៀត​​ជា​​រឿង​មួយ​ឯ​រឿង​មួយ​ទៀត​គឺ​មាន​ម៉ូតូ​កង់បី​ខ្លះ​បាន​ជិះ​ខុស​គន្លង​ផ្លូវ និង​បើកបរ​ក្នុង​ល្បឿន​យឺត​ដែល​​បណ្តាល​ឲ្យ​ចរាចរណ៍​ដែល​កំពុង​​តែ​មមាញឹក​ស្រាប់​នោះ​រឹត​តែ​ស្ទះ​ថែម​ទៀត​។ ដោយសារ​តែ​សកម្មភាព​ទាំង​នេះ​ជា​រឿយៗ​អ្នក​រត់​ម៉ូតូ​កង់បី​ខ្លះ​ក៏​បាន​​បើក​ប៉ះ​ជាមួយ​នឹង​រថយន្ត​ថែម​ទៀត​ផង​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​សម្តី​ និង​ទារ​សំណង​ដាក់​គ្នា​ទៅវិញ​ទៅមក​។
ពលរដ្ឋ​ទូទៅ​តែង​និយាយ​ថា «អា​ធំ​ចាំ​តែ​ខុស បើ​ទោះបី​ជា​អាតូច​ទៅ​ប៉ះ​អា​ធំ​យ៉ាង​ណា​ក៏ដោយ​»។ ​ជាក់ស្តែង​ណាស់​វា​មិន​ខុស​គ្នា​ពី​អ្វី​ដែល​មនុស្ស​ស្រី​វ៉ៃ​មនុស្ស​ប្រុស​​ហើយ​មនុស្ស​ស្រី​នៅ​តែ​ត្រូវ​នោះ​ទេ​។ ក៏ប៉ុន្តែ​អ្នក​បើក​រថយន្ត​ខ្លះ​ទ្រាំ​នឹង​កំហឹង​មិន​បាន​ក៏​បាន​ទាស់​ពាក្យ​សម្តី និង​មាន​ពេល​ខ្លះ​ក៏​កើត​ជា​អំពើ​ហិង្សា​ក៏​មាន​។ រ៉ឺម៉ក​កង់បី​ក៏​បាន​ហៅ​គ្នីគ្នា ឬ​ក្រុម​ឲ្យ​ជួយ​នៅ​ពេល​មាន​ជម្លោះ​ម្តងៗ​។
ទោះបី​ជា​​យ៉ាង​ណា​ក៏ដោយ​ក៏​នៅ​មាន​អ្នក​​រត់​កង់បី​មួយ​ចំនួន​​គោរព​ក្រមសីលធម៌ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដោយ​ហ៊ាន​ទទួល​កំហុស​តាមរយៈ​ការ​ប្រើ​កាយវិការ​លើក​​ដៃ​សំពះ​សុំទោស​ និង​សូម​អង្វរ​ដល់​អ្នក​បើក​រថយន្ត​កុំ​ទារ​ប្រាក់​សំណង​ពី​គាត់​ទាំង​ខ្លួន​មាន​ជីវភាព​ខ្វះខាត និង​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដោយ​លំបាក​នោះ។
នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​គិត​ថា​រ៉ឺម៉ក​កង់បី​ជា​ឆ្អឹង​ទទឹង​ករ​បស់​ពួកគេ​។​ករណី​មួយ​ដែល​គួរ​ពិចារណា​ទាំងអស់​គ្នា​នៅ​ត្រង់​ថា​ការ​បត់​ត្រឡប់​ក្រោយ ឬ​បត់​ឆ្វេង​ស្តាំ​របស់​ពួកគាត់​ភាគ​ច្រើន​គឺ​ធ្វើ​ភ្លាមៗ​ទាំង​កំពុង​តែ​ធ្វើ​ដំណើរ​តាម​តែ​អំពើ​ចិត្ត​ហើយ​មាន​ពេល​ខ្លះ​ជិះ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​ពេញ​ផ្លូវ​ក៏​ត្រូវ​បាន​អ្នក​បើកបរ​រថយន្ត​លួច​ជេរ​មិន​តិច​ដែរ​។
ការ​ចត​ទទឹង​ទទែង​តាម​ចិញ្ចើម​ផ្លូវ​គ្មាន​របៀប​រៀបរយ​ក៏​ជា​ប្រភព​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។ ​ជាក់ស្តែង​នៅ​តាម​តំបន់​មាត់ទន្លេ​ និង​មុខ​ព្រះបរមរាជវាំង​ដែល​​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​​ និង​ជា​ប្រភព​ចំណូល​ដ៏ធំ​មួយ​របស់​អ្នក​រត់​ម៉ូតូកង់​បី​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​ខ្លះៗ​ផង​នោះ​ហាក់​បាន​ក្លាយ​ទៅ​ជា​កន្លែង​ស្ទះ​ចរាចរណ៍​ដោយសារ​វត្តមាន​ម៉ូតូ​កង់បី​ដែល​តែង​បើកបរ​ ឬ​ចត​គ្មាន​របៀប​រៀបរយ​នៅ​ទី​នោះ​។
ជា​ដំណោះស្រាយ​លើ​បញ្ហា​នេះ​គេ​កម្រ​បាន​ឃើញ​អាជ្ញាធរ​ចុះ​មក​រៀបចំ​ណាស់​ហើយ​ប្រសិន​បើ​មាន​ការ​រៀបចំ​វិញ​គេ​ឃើញ​មាន​តែ​ប៉ូលិស​ចរាចរណ៍ និង​កងរាជ​អាវុធហត្ថ​គ្រាន់តែ​មក​ដេញ​ម៉ូតូ​កង់បី​ទាំង​នោះ​កុំ​ឲ្យ​​ចត​តាម​ដងផ្លូវ​ខណៈ​ពេល​​មាន​​ក្បួន​រថយន្ត​គណៈប្រតិភូ​ឆ្លងកាត់​ប៉ុណ្ណោះ​ហើយ​​ពេល​​ក្បួន​នោះ​ទៅ​ផុត​អ្វីៗ​ក៏​នឹង​ត្រឡប់​មក​សភាព​​ដើម​ដដែល​។
មែនទែន​ទៅ​ទោះ​ជា​ច្បាប់​តម្រូវ​ឲ្យ​​អ្នក​បើក​រ៉ឺម៉ក​កង់បី​ទាំងអស់​ត្រូវ​ទៅ​ប្រឡង​បើកបរ​ដើម្បី​យក​ពាក់មី​ ឬ​ប័ណ្ណ​បើកបរ និង​ឈៀក​ដូច​រថយន្ត​ក្តី​ក៏​អ្នក​រត់​កង់បី​មួយ​ចំនួន​ធំ​នៅ​តែ​បើកបរ​ល្មើស​ច្បាប់​ដោយ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​គំនូស​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​ជាដើម​នោះ​ឡើយ​។
លោក យ.ស.រ ដែល​ជា​អ្នក​រត់​កង់បី​ជើង​ចាស់​មួយ​រូប​បាន​សារភាព​ថា​កន្លង​មក​លោក​ពិតជា​បាន​បើកបរ​ល្មើស​ច្បាប់​ដូច​បាន​រៀបរាប់​ពី​ខាង​ដើម​​មែន​តែ​មិន​ធ្លាប់​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទេ​។
លោក​ក៏​បាន​ឆ្លើយ​ការពារ​ថា​៖ ការ​ដែល​លោក​មិន​គោរព​ភ្លើងស្តុប​ក៏​ព្រោះ​តែ​លោក​ចង់​បំពេញ​តម្រូវ​ការ​ភ្ញៀវ​ដែល​ចង់​ឲ្យ​តែ​​ដល់​គោលដៅ​ឆាប់ៗ និង​ឃើញ​នៅ​ជិត​ភ្លើងស្តុប​នោះ​មិន​មាន​ប៉ូលិស​ហើយ​ទូលាយ។ ម្យ៉ាង​វិញ​ទៀត​មិន​ចង់​ឲ្យ​ស្ទះ​អ្នក​នៅ​ចាំ​ស្តុប​ក្រោយៗ​ទៀត​ទើប​ធ្វើ​ឲ្យ​លោក​បង្ខំ​ចិត្ត​បន្ត​ដំណើរ​ដោយ​មិន​ចាំ​ភ្លើង​ខៀវ​ដូច្នេះ​។
ទាំងអស់​នេះ​បាន​បង្ក​ឲ្យ​មាន​ផលលំបាក​ជាច្រើន​ដល់​សង្គម​ជាតិ និង​អ្នក​បើកបរ​រថយន្ត​ក៏​ដូចជា​អ្នក​រត់​កង់បី​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​ទាំង​បច្ចុប្បន្នកាល​ និង​ពេល​អនាគត​។ កត្តា​ទាំង​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​ និង​អនាធិបតេយ្យ​រីឯ​បរទេស​ឲ្យ​តម្លៃ​ទាប​ជាពិសេស​​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​ប្រទេស​យើង​ថែម​ទៀត​ផង​។ ចំណែកឯ​អ្នក​បើកបរ​រថយន្ត​រឹត​តែ​ខឹងសម្បា និង​អាច​នឹង​ប្រកាន់​វណ្ណៈ​រវាង​អ្នក​មាន​រថយន្ត​ និង​អ្នក​ក្រ​កង់បី​ក៏​ថា​បាន​។
រីឯ​អ្នក​រត់​កង់បី​ខ្លួនឯង​ផ្ទាល់​ក៏​អាច​​នឹង​បាត់បង់​ចំណូល​ដោយ​គេ​ងាក​មក​ប្រើប្រាស់​រថយន្ត​ក្រុង​សម្រាប់​ប្រជាជន​ទូទៅ និង​ជិះ​តាក់ស៊ី​សម្រាប់​ភ្ញៀវបរទេស។
ដូចនេះ​ដើម្បី​ចូលរួម​ដោះស្រាយ​​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​រាជរដ្ឋាភិបាល​គួរ​តែ​មាន​យន្តការ​រឹតបន្តឹង​ច្បាប់​សម្រាប់​អ្នក​បើកបរ​រ៉ឺម៉ក​កង់បី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាព​។ ដូច​គ្នា​នេះ​ដែរ​អ្នក​រត់​កង់បី​ខ្លួនឯង​គួរ​តែ​ពិចារណា​ឡើង​វិញ​ពី​ឥរិយាបថ​នៃ​ការ​បើកបររ​បស់​ខ្លួន​។ ម្យ៉ាង​អ្នក​បើកបរ​រថយន្ត​ទៀត​សោត​ក៏​គួរ​តែ​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​ និង​មិន​ត្រូវ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ជាមួយ​នឹង​អ្នក​រត់​ម៉ូតូ​កង់បី​ឡើយ​។
ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​រត់​ម៉ូតូ​កង់បី និង​អ្នក​បើកបរ​រថយន្ត​គួរ​តែ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​ដែល​​កំពុង​តែ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​។
ដូច្នេះ​ប្រសិន​បើ​រាជរដ្ឋាភិបាល និង​អ្នក​រត់​រ៉ឺម៉ក​កង់បី​ក៏​ដូចជា​អ្នក​បើកបរ​រថយន្ត​ចេះ​សាមគ្គី​ និង​យោគយល់​គ្នា​គួប​ផ្សំ​នឹង​ការ​អប់រំ​គ្នា​ទៅវិញ​ទៅមក​នោះ​យើង​នឹង​អាច​កែប្រែ​សង្គម​ស៊ីវិល័យ​មួយ​នេះ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​រីឯ​ការ​កកស្ទះ​ចរាចរណ៍​វិញ​ក៏​នឹង​ត្រូវ​បាន​កាត់បន្ថយ​ហើយ​សីលធម៌​សង្គម​ក៏​ត្រូវ​បាន​លើក​កម្ពស់​ផង​ដែរ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​​ និង​ភ្ញៀវបរទេស​អ្នក​បើកបរ​តាម​ដង​ផ្លូវ​ប្រកប​ដោយ​ស្នាម​ញញឹម​ជាក់​ជា​មិន​ខាន៕
រៀបរៀងដោយ កែវ សុង



Comments

Popular posts from this blog

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តា...

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលប...

ដំណើរវិវឌ្ឍន៍បច្ចេកវិទ្យា មកដល់ប្រពន្ធ័វៃឆ្លាត AI

ចាប់តាំងពីមនុស្សចេះប្រើភ្លើងចម្អិនអារហារ រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងកាយនិងកេរ្តិ៏ខ្មាស់របស់ខ្លួនមក ពិភពលោកហាក់បាន ប្រែប្រួលដោយសារសកម្មភាពរបស់មនុស្ស។ រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនះជាមធ្យោបាយធ្វើដំណើរជាសក្ខីកម្មដែលសរបញ្ជាក់ថា បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន ហ្វេ្រនគ្លីន ( Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកប្រើផលិតជាពន្លឺពីអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅជំនាន់ដោយការបង្រៀន និងការរៀនពីវប្បធ៌មចែករំលែកចំណេះដឹង និងការយល់ដឹងទៅឱ្យគ្នាទៅវិញទៅមក និងបង្កើតគំនិតថ្មីៗពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ។ មនុស្សចេះបង្កើតវប្បធ៌ម អរិយ្យធ៌ម និងក្បួនច្បាប់ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយចេះដឹងចេះយល់ និងស្វែងរកអ្វីដែលថ្មីថ្មោង។ នេះហើយជាចំណុចដែលធ្វើឱ្យមនុស្សខុសគ្នាពីសត្វ ព្រោះសត្វជំនាន់មុនៗមិនបានបង្រៀន ឬក្បួនច្បាប់ឱ្យសត្វជំនាន់ក្រោយនោះឡើយ។ វាត្រូវចាប់ផ្តើមពីចំណុចសូន្យឡើងមកវិញទាំងអស់នៅពេលដែលវាចាប់ផ្តើមឃើញពន្លឺព្រះសូរិយាដំបូង ហើយអ្វីៗត្រូវរៀននិងស្វែងរកដោយខ្លួនឯងនិងប្រព្រឹត្តិទៅតាមធម្មជាតិដោយសម្ម...