ការរៀបចំផែនការគ្រួសាររបស់យុវជនសម័យអ៊ីនធើណែត
រូបភាពតំណាង
ក្នុងបរិបទសង្គមខ្មែរ ដែលមានរវប្បធម៌ខុសគ្នាដាច់ស្រលះអំពីវប្បធម៌បស្ចឹមប្រទេសដែល និយមយន្តការ សេរីនោះ ការរៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារត្រូវបានចាត់ទុកថាជារឿងសំខាន់មួយ ពោលគឺវាគឺជាកត្តាយ៉ាង សំខាន់មួយដែលកំណត់នូវជោគវាសនា ក៏ដូចជាអនាគតកូនចៅរបស់ពួកគេ។ ម៉្យាងវិញទៀត វាគឺជាកាតព្វកិច្ច របស់ឳពុក ម្តាយ ដែលជាអាណាព្យាបាលក្នុងការជ្រើសរើស ក៏ដូចជារៀបចំគ្រួសារដល់កូនចៅរបស់ខ្លួន។ ជាក់ស្តែង ក្នុងនាមជាឳពុក ម្តាយ ពួកគេតែងតែគិតគូរយ៉ាងល្អិតល្អន់ ថាតើគួរជ្រើសរើសបុគ្គលណា ម្នាក់ដែលសាកសម នឹងកូន ចៅរបស់គេ ក៏ដូចជាការបែងចែកទ្រព្យមួយចំនួនសម្រាប់ពួកគេក្រោយពេលរៀបការ ព្រមទាំងការជួយជ្រោមជ្រែង ក្នុងការជ្រើសរើសមុខរបរក្រោយពេលមានគ្រួសារ ជាពិសេសសម្រាប់ភាគីខាងប្រុស ដែលនឹងក្លាយជាមេគ្រួសារ ហើយត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការចិញ្ជឹមប្រពន្ធ និងកូនក្នុងបន្ទុកក្រោយពេលមានគ្រួសាររួច។ យ៉ាងណាមិញ ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាននានាត្រូវបានបង្ហាញយ៉ាងទូលំទូលាយ ដែលបណ្តាលឲ្យយុវជននា សម័យអ៊ីនធើណែតមួយនេះទទួលបាននូវការយល់ដឹង ក៏ដូចជាមានគំនិតថ្មីៗចេះគិតគូរអំពីអនាគតខ្លួនឯង ដែលផ្ទុយ អំពីនាសម័យមុនៗ ដែលអ្វីៗត្រូវបានដឹងដោយបទពិសោធន៍ ក៏ដូចជាការប្រាប់ និងរៀបចំចាត់ចែងនៃចាស់ព្រឹទ្ធាចារ្យ ពោលគឺបុគ្គលដែលមានមានបទពិសោធន៍ តួយ៉ាងដូចជា ឳពុក ម្តាយ ឬក៏ជីដូនជីតាជាដើម។
ស្ថិតក្រោមប្រធានបទស្តីពីការយល់ឃើញ ក៏ដូចជាការរៀចចំផែនការគ្រួសាររបស់យុវជននេះដដែល ក្រោយ ការរៀបចំសម្រង់មតិលើយុវជនតាមប្រពន្ធទំនាក់ទំនងសង្គម Facebook ដែលប្រមាណ៣៧% ជាភេទស្រ្តី និង ៦៣% ដែលជាបុរស យើងឃើញថា មានមតិ៧៣% នៃចំនួនសរុបសុទ្ធតែធ្លាប់បានគិតគូរពីការជ្រើសរើសគូរស្រករ ពោលគឺការរៀបចំផេនការគ្រួសារនាពេលអនាគត។ លទ្ធផលនេះហាក់ដូចជាបង្ហាញឲ្យឃើញថាការ រៀបចំគ្រួសារ ត្រូវបានយុវជនចាត់ទុកជាកត្តាសំខាន់មួយសម្រាប់ពួកគេផងដែរ ដែលវាមានលក្ខណៈខុសប្លែកពីកាលពីអតីតកាល ដែលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំដោយក្រុមគ្រួសារ ពោលគឺឳពុក ម្តាយជាអ្នកសម្រេចថាកូនៗរបស់ខ្លួនគួរ ឬដល់វ័យ មានគ្រួសារឬនៅ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែលនោះគឺថា ស្ថិតក្រោមសំណួរដែលថា ធ្លាប់មានបានគិត គូរពីរឿង រៀបចំគ្រួសារឬទេ យើងទទួលបាននូវចម្លើយពីរផ្សេងគ្នា ពោលគឺធ្លាប់ និងខ្លះទៀតក៏បានបញ្ចេញមតិ ផង ដែលថា ធ្លាប់គិត ប៉ុន្តែមិនសូរគិតគូរច្រើនពេលទេ ដោយប្រាប់ថាចាំដល់ពេលសិនទើបគិតគូរ។
ទាក់ទិនទៅនឹងចម្លើយដែលថាមិនទាន់បានគិតគូរ ក៏ដូចការរងចាំដល់ពេលមួយ មានកត្តាជាច្រើនដែលជំរុញ ឲ្យកើតមាននូវស្ថានភាពនេះ ដែលក្នុងនោះបញ្ហាចំបងគឺទាក់ទងនឹងភាពសប្បាយរីករាយនៃយុវភាពរបស់ ពួកគេ ជាមួយនឹងសង្គមដែលពោរពេញទៅដោយក្តីរីករាយមួយនេះ។ ក្រៅអំពីនេះ ការពឹងផ្អែកទាំងស្រុងទៅលើឳពុកម្តាយ ក៏ជាកត្តាមួយដែលធ្វើឲ្យយុវជនដែលរស់នៅទីក្រុងភាគច្រើនមិនសូវខ្វាត់ខ្វែងគិតគូររៀបចំផែនការគ្រួសារផងដែរ ជាពិសេសគឺយុវនារី ដែលប្រៀបបានទៅនឹងត្បូងលើបាតដៃនៃឳពុកម្តាយ។ ពួកគេរស់នៅដោយមិនមានការ ខ្វល់ខ្វាយអ្វីទាំងអស់ ដែលនេះក៏ជាផ្នត់គំនិតមួយនៃសង្គមខ្មែរយើងផងដែរ ពោលគឺស្រ្តីភេទតែងតែពឹងផ្អែកលើប្តី ក្រោ យពេលរៀបអាពាហ៍ ពិពាហ៍រួច។ ចំណែកឯបុរសៗវិញ អ្វីដែលពួកគេត្រូវធ្វើនោះគឺការស្វះស្វែង ប្រកបរបរ ចិញ្ជឹមជីវិត និងរកថវិការសម្រាប់គ្រួសារទៅបានហើយ។ ក្រៅអំពីនេះ ការរវល់វក់វីនឹងការងារ ក៏ដូចជាការសិក្សាក៏ជា កត្តាមួយដែលជំរុញឲ្យយុវជនមិនមានពេលវេលាក្នុងការគិតគូរពីអនាគតខ្លួនឯងផងដែរ។ ជាក់ស្តែង ការសម្រង់មតិក៏ បានបង្ហាញឲ្យឃើញផងដែលថា បុគ្គលដែលមានអាយុចន្លោះពី ២១ ដល់ ៣០ឆ្នាំ ដែលមានការងារធ្វើ មិនថានៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនទេសុទ្ធតែបានឆ្លើយថា ពួកគេមិនមានពេលឯណា ទៅគិតពីរឿងដែល ធ្វើឲ្យ ឈឺក្បាល ដូចជាការផែនការគ្រួសារនោះឡើយ។
ប្រសិនបើយើងងាកមកមើលនូវតថភាពជាក់ស្តែង ពោលគឺបរិបថសង្គមនាពេលបច្ចុប្បន្នវិញ យើងឃើញថា យុវជនដែលរស់នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនមួយនេះពិតជាមាននូវការស្រមើលស្រមៃច្រើន ពោលគឺមានគំនិត មតិច្រើនទាក់ទិននឹងអនាគតរបស់ពួកគេ ពោលគឺពួកគេដឹងច្បាស់ថាពួកគេចង់បានអ្វី ដែលទោះបីជាពេលខ្លះ វាគ្រាន់តែជាទំនោរតាមគ្នាក៏ដោយ។ ដែលនេះក៏បានបង្ហាញឲ្យឃើញផងដែលថា ពួកគេមានសិទ្ធិ សេរីភាពច្រើន ជាងនាសម័យមុនៗ ដែលអាចបញ្ចេញមតិសម្រាប់អនាគតរបស់ពួកគេ។ ដែលនេះក៏ដោយសារតែពួកគេកើត ក្នុងសម័យដែលបច្ចេកវិទ្យាជឿនលឿន ប្រពន្ធ័ផ្សព្វផ្សាយក៏ទូលំទូលាយ ហើយការយល់ដឹងរបស់ពួកគេ ក៏កាន់តែច្រើន។ ប្រជាជនកម្ពុជាមិនតិចទេដែលកំពុងតែប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយតាមរយៈអ៊ីនធើណែត ដើម្បីទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកផងដែរ។ ជាក់ស្តែង បណ្តាញទំនាក់ ទំនងសង្គម Facebook កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើងនាសព្វថ្ងៃនេះ។ គេឃើញមាន អត្ថបទអប់រំជាច្រើនស្តីអំពីបំនិនជីវិត របៀបរៀបចំជីវិត ផែនការជីវិតជាដើម ដែលត្រូវបានចែកចាយ ឲ្យគ្នាទៅវិញ ទៅមកជារៀងរាល់ថ្ងៃ។ ជាលទ្ធផល យុវជនមានការយល់ដឹងច្រើន និងហាក់ដូចជាបានរៀបចំ ខ្លួនរួចជាស្រេចនៅ ពេលពួកគេមានគ្រួសារ ក្រោយពីបានធ្វើអំនានទៅលើអត្ថបទទាំងនោះ។
ជាបុគ្គលិកពេញម៉ោងបម្រើការក្នុងក្រុមហ៊ុនឯកជនមួយ លោកមូលសែម ចមវីរៈ បានប្រាប់ថា លោកធ្លាប់អាន អត្ថបទនៅលើបណ្តាញសង្គមបានជាច្រើន ហើយអត្ថបទទាំងនោះពិតជាផ្តល់ប្រយោជន៍ និងចំណពេះដឹង ដល់លោក បានច្រើនមែនទែន ដែលវាបានជាជំនួយដល់លោកក្នុងការចេះគិតពិចារណា។
ស្រដៀងគ្នានេះដែរ លោក ឳសេរី បរិញ្ញា ជានិស្សិតឆ្នាំទីបួន និងជាអ្នកនិយម ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមមួយរូបផងដែរនោះ បាននិយាយថាលោកមិនសូវបានអានអត្ថបទទេ តែលោកបានឃើញ និងមើលវីដេអូអប់រំជាច្រើន ដែលគេបាន បង្ហោះចែកចាយផងដែរក្នុងន័យមួយដូចអានអត្ថបទដែរ គឺការអប់រំឲ្យចេះគិតគូរពិចារណា។
ទាំងលោក ចំវីរៈ និង លោក បិរញ្ញា បានចែករំលែកនូវអត្ថបទ និងវីដែអូទាំងនោះ ទៅឲ្យសាធារណៈជនបានដឹងផងដែរ។ ដែលទាំងអស់នេះគឺជា ភស្តុតាងមួយដែលបញ្ជាក់ថា យុវជននាបច្ចុប្បន្ននេះទទួលបានចំណេះដឹងពីការរៀបចំផែនការគ្រួសារនេះបានគ្រប់ ទីកន្លែង។ ដែលផ្ទុយស្រលះពីពេលអតីតកាល ដែលព័ត៌មានទាំងនេះនៅមានកម្រិតនៅឡើយ ក្នុងការបញ្ចូន ទៅដល់ យុវជន។
ជាលទ្ធផល មានយុវជនមួយចំនួនទៀតដែលបានធ្វើការគិតគូរ និងរៀបចំផែនការគ្រួសាររបស់ពួកគេផងដែរ ពោលគឺបើតាមសម្រង់មតិ យើងឃើញថា ពួកគេបានគាំទ្រនូវមូលដ្ឋានគ្រិះធំៗចំនួន ពីរសម្រាប់ជារង្វាស់ក្នុងការរៀបចំ ផែនការគ្រួសារ ពោលគឺផ្ទះសម្បែង និងការងារ រួមផ្សំនិងសម្ភារៈមួយចំនួនដូចជាឡាន ឬម៉ូតូជាដើម។ ជាងនេះ ទៅទៀត ពួកគេយល់ឃើញថា លុះត្រាតែជីវភាពគ្រួសារគេមានស្ថេរភាពសិន ទើបពួកគេសម្រេចចិត្តថានឹងមានកូន។ តួយ៉ាង មានយុវជនចំនួន ៨០% ដែលមាននិន្នាការចង់បានកូនពីរនាក់យ៉ាងតិច ដែលកូនទីមួយគួរតែជាកូនប្រុសច្បង និងទីពីរជាកូនស្រី ព្រោះកូនប្រុសច្បងអាចនឹងការពារថែទាំប្អូនៗបានជំនួសពួកគេ។
ទាក់ទងនឹងសំណួរដែលថា កត្តាអ្វីដែលពួកគេគិតថាជាឩបសគ្គសម្រាប់ការរៀបចំផែនការ ចម្លើយជាច្រើន ដែលមានលក្ខណៈស្រដៀងគ្នាត្រូវបានបន្លឺឡើង ដែលថវិការ ឬលុយគឺជាកត្តាចំបងនៃការរៀបចំផែនការ។ ក្នុងនោះ យុវជនសឹងតែ ៩០% មិនថាប្រុស ឬស្រី សុទ្ធតែបាននិយាយដូចគ្នាថា លុយគឺជាបញ្ហា និងជារបស់ សំខាន់បំផុតដើម្បីរៀបចំផែនការក្នុងគ្រួសារឲ្យរលូន។ ពួកគេបានបន្តទៀតថា ការរៀបចំផែនការដូចជាទិញផ្ទះ ឡាន ឬម៉ូតូ ការសម្រាលកូននៅឯមន្ទីរពេទ្យ និងបញ្ជូនកូនទៅរៀនសុទ្ធសឹងតែប្រើលុយទាំងអស់ បើគ្មានលុយទេក៏ មិនអាចធ្វើអ្វីចេញដែល។
រឿងថវិការជារឿងមួយ ប៉ុន្តែពួកគេក៏បានបន្ថែមទៀតថា ការយល់ចិត្តគ្នា, អាកប្បកិរិយា និងទំនួលខុសត្រូវរវាងប្តីនិងប្រព្ធ ក៏ជារឿងសម្ខាន់ដែរ។ មានរាងតូចស្រឡូន សក់ប្រាស់ស្នារ សម្បុរសរ ភ្នែកមូលក្រឡំ ច្រមុះស្រួច និងសម្លេងផ្អែមពិរោះ កញ្ញា លូង សុម៉ាលីនី បានបង្ហើរពាក្យសម្តីថា “ ប្រសិនបើគ្រួសារកញ្ញាមានថវិការគ្រប់គ្រាន់ហើយ ប៉ុន្តែមេគ្រួសារបែរជាមិនមានទំនួលខុសត្រូវក្នុងខ្លួនទៅវិញ ហើយមួយថ្ងៃៗគិតតែពីរឿងឈ្លោះគ្នា ដូច្នេះ ផែនការគ្រួសារក៏មិនអាចធ្វើទៅបានដែរ។”
ក្រៅអំពីកត្តាផ្សេងៗដែលបានលើកឡើងខាងលើ យើងឃើញថាក៏នៅកត្តាផ្សេងៗមួយចំនួនទៀតផងដែល ដែលជាបញ្ហាក្នុងការរៀបចំផែនការគ្រួសារនេះ ពោលគឺការមិនពេញចិត្តពីសំណាក់ឳពុកម្តាយទៅលើគូរស្រករ ឬមុខ របរជាដើម។ ជាងនេះទៅទៀត ផ្នត់គំនិតអភិរក្សមួយចំនួនដែលទាក់ទងនឹងការឲ្យស្រ្តីធ្វើជាមេផ្ទះជាជាងការចេញ ទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធក៏នៅតែដិតដាមក្នុងគំនិតខ្មែរ ការប្រកាន់នូវទស្សនៈដែលថានំមិនធំជាងនាលក៏ជា ឩបសគ្គប្រឈមមួយសម្រាប់យុវជនក្នុងការរៀបចំផែនការគ្រួសាររបស់គេផងដែរ។
ដើម្បីរៀបចំផែនការគ្រួសារឲ្យបានល្អ យុវជនសម័យអ៊ីនធើណែតនេះ មិនគួរដើរតាមចំណង់ដែលខ្លួនឯងចង់បាននោះទេ។ បើទោះបីការរៀបចំផែនការគ្រួសារមាន បញ្ហាឬឧបសគ្គយ៉ាងណាក៏ដោយ យុវជនគួរតែប្រើប្រាស់បញ្ញា និងចំនេះដឹងឲ្យបានត្រឹមត្រូវ និងមានភាពចាស់ទុំក្នុងការគិតពិចារណា នោះផែនការគ្រួសារ នឹងមិនមានឧបសគ្គច្រើន នោះទេ។ នេះបើតាម លោក យ៉ុងហេង ដែលជាអ្នកស្រាវជ្រាវអត្ថបទ និងជានិស្សិតផ្នែក នយោបាយអន្តរជាតិមួយរូប។
Download PDF file in here
Download PDF file in here
រៀបរៀងដោយ
MR. Keo Song Ms. OENG Sok Hour
Ms.Theam Dararasmey
Comments
Post a Comment