Skip to main content

យុវជន និងឥរិយាបថនៃការចោលសម្រាម




ក្រុមយុវជ​នគំរូ ដែលបាននាំគ្នារើសសម្រាមនៅមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេ - រូបភាពដោយ ត្រាន់តិចសេង។


Click here to read in Phnom Penh Post

កម្ពុជាចាប់ផ្តើមពីចំនុចសូន្យ រហូតក្លាយជាប្រទេសអភិវឌ្ឍន៏ស្ទើរគ្រប់វិស័យ ហើយល្បីល្បាញលើ ឆាកអន្តរជាតិនេះបើតាមពាក្យសម្តីរបស់ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ធ្លាប់មានប្រសាសន៏កន្លងមក។ នេះសរបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះជាយ៉ាងណាក៏ដោយប្រទេសកំពុងអភិវឌ្ឍន៏ក្នុងតំបន់អាស៊ីអាគ្នេយ៏មួយនេះ នៅតែជួបបញ្ហាសម្រាមដ៏ដែល។នៅក្នុងទីក្រុងភ្នំពេញគេឃើញមានសម្រាមពាសវាសពាសកាល ជាពិសេសនៅតាមសួនច្បារ និងកន្លែង  លំហែរកាយសាធារណៈជាច្រើនផង ដែលជាហេតុធ្វើឲ្យខូចសោភ័ណភាពទីក្រុងដោយសារតែសម្រាមទាំងនោះ។ យុវជនគឺជាកំលាំងមួយដ៏រឹងមាំរបស់ជាតិ ក៏ដូចជាចលនាដ៏សម្ខាន់មួយក្នុងសង្គមទាំងមូលផងដែរ។ ពេលជាមួយគ្នានឹងការអភិវឌ្ឍន៏ប្រទេសរបស់រាជរដ្ឋាភិបាល យុវជនកម្ពុជា មួយចំនួនហាក់ដូចជាមានការយល់ដឹងឬភ្ញាក់រលឹក និងបានបង្កើតសកម្មភាព ក្នុងសង្គមខ្មែរដើម្បីដោះស្រាយនូវបញ្ហាសម្រាមនៅតាមទីសាធារណៈនេះ។
       
កាលពីមុន សួនច្បារស្ទើរតែទាំងអស់នៅក្នុងទីក្រុងភ្នំពេញបានក្លាយជាកន្លែងចោលសម្រាម នៅពេលដែលមានមនុស្សទៅលេងច្រើន។ ក្លាយជាកន្លែងចោលសម្រាមគឺដោយសារតែ ប្រជាជនបានបោះចោលសម្រាមដោយគ្មានសណ្តាប់ធ្នាប់ និងពាសវាសពាសកាល។ ហើយប្រជាជនទាំងនោះភាគច្រើនគឺជាយុវជននេះតែម្តង ពីព្រោះពួកគេមានពេលទំនេរច្រើនដើម្បីលំហែរកាយ ក៏ដូចជាដើរលេងជាមួយមិត្តភក្តិ ក្រៅពីម៉ោងធ្វើការ​និងការសិក្សារ។ ជានិច្ចកាលសម្រាមទាំងនោះបានធ្វើឲ្យស្ទះលូនៅពេលមានភ្លៀងធ្លាក់ម្តងៗ ឯសម្រាមខ្លះទៀតបានប៉ើងពាសពេញផ្លូវថ្នល់នៅពេលដែលមានខ្យល់បក់ខ្លាំង។
​​
មានកត្តាជាច្រើនដែលបណ្តាលឲ្យយុវជនបោះចោលសម្រាមតាមទីសាធារណៈដូចច្នេះ ក្នុងនោះផងដែរ កង្វៈធុងសម្រាមនៅតាមសួនច្បារ គឺជាបញ្ហាមួយ។ ចង់ឬមិនចង់ យុវជនទាំងនោះមានតែបង្ខំចិត្តបោះចោលសម្រាមនៅលើស្មៅ និងចិញ្ជើមផ្លូវ ជៀសជៀងកាន់សម្រាមតាមខ្លួនឥតប្រយោជន៏ ដោយក្រោមហេតុផលមួយថា គ្មានធុងសម្រាម។ ម្យ៉ាងវិញទៀត គេក៏ធ្លាប់ឃើញ មានធុងសម្រាមខ្លះបានពេញ ហើយធ្វើឲ្យសម្រាមមួយចំនួនហៀរចេញមកខាងក្រៅក៏មាន។

ទម្លាប់របស់យុវជនក្នុងការចោលសម្រាមគ្រប់ទីកន្លែងក៏ជាបញ្ហាមួយដែរ។​​ការចោលរបស់របរដែរខ្លួនមិនត្រូវការ ដោយមិនចេះគិតគូរដូចនេះ បានធ្វើឲ្យជនបរទេសជាពិសេសភ្ញៀវទេសចរណ៏ ដែលមកកំសាន្តនៅប្រទេសកម្ពុជា ឲ្យតម្លៃទាបលើការយល់ដឹងរបស់យុវជនខ្មែរទាំងអស់តែម្តង។ មែនទែនទៅ ការយល់ដឹងពីបញ្ហាបរិស្ថាន ក៏ដូចជាសម្រាមរបស់យុវជនកម្ពុជាគឺនៅមានកម្រិតទាបនៅឡើយ ហេតុនេះហើយទើបធ្វើឲ្យពួកគេមានទំលាប់មិនល្អក្នុងការចោលសម្រាមតាមទីសាធារណៈនេះឯង។

បន្ថែមពីនេះទៅទៀត នៅមានកត្តាជាច្រើនទៀតដែលបង្ករឲ្យមាន សម្រាមនៅតាមសួនច្បារ និងទីសាធារណៈ ដូចជា៖ ការលក់នំចំណីនៅតាមចញ្ចើមផ្លូវ, ការប្រើប្រាស់ថង់ប្លាស្ទិកច្រើនហួស, កង្វៈអ្នកប្រមួលសម្រាម និងទំនោលតាមគ្នានៃការបោះចោលសម្រាមពាសវាសពាសកាលរបស់ពលរដ្ឋខ្មែរទូទៅ។



ប៉ុន្តែមួយរយៈកន្លងមកនេះ យុវជនយើងមួយចំនួនមានការផ្លាស់ប្តូរឥរិយាបថជាបណ្តើរៗពី ការចោលសម្រាមក្រៅធុង មកការប្រមូលសម្រាមដាក់ចូលក្នុងថង់ រួចដើរកាន់ដាក់ចូលធុងសម្រាមវិញ។ ទាំងនេះក៏បណ្តាលឲ្យមានការផ្លាស់ប្តូរបរិបទសង្គមទាំងមូលដែលពោរពេញទៅដោយថង់ប្លាស្ទីកហោះពេញផ្លូវ ក្លាយជាសង្គមមួយដែលមានបរិស្ថានល្អផងដែរ។

ជាក់ស្តែងយើងមើលឃើញគ្រប់ៗគ្នាពីព្រឹត្តិការណ៏បាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិចកន្លងទៅ មានមនុស្សមិនតិចជាងពីរពាន់នាក់ទេដែលបានទៅទស្សនាផ្ទាល់ និងចូលរួមគាំទ្រដល់កីឡាករជាតិ។ រាល់ការបញ្ចប់ការប្រកួតម្តងៗ គេឃើញមានសម្រាមស្ទើរតែពេញកន្លែងដែលអ្នកគាំទ្រអង្គុយទៅហើយ។ ប៉ុន្តែប៉ុន្នានប្រកួតចុងក្រោយនេះ គេសង្កេតឃើញមានក្រុមយុវជនដែលជាអ្នកគាំទ្រមួយចំនួន បាននាំគ្នាដើរប្រមួលសម្រាមទាំងនោះ ដោយទឹកមុខសប្បាយរីករាយ។ជាពិសេសគឺការប្រកួតរវាងក្រុមជម្រើសជាតិចិនតៃវ៉ាន់ និងក្រុមជម្រើសជាតិកម្ពុជា ដោយមានការចូលរួមពីមហាជនទូទៅយ៉ាងច្រើនកុះករហើយភាគច្រើនគឺជាយុវជននេះឯង។ មុនការប្រកួតគេបានឃើញមានការបំផុសឲ្យអ្នកចូលរួមទស្សនាគួរតែមានថង់សម្រាប់ច្រកសម្រាមដែលខ្លួនបានបរិភោគចំណីអាហាររួច ជៀសវាងបោះចោលគ្មានរបៀប។ លទ្ធផលដូចអ្វីដែលបានរំពឹងទុក មានយុវជនមួយចំនួនបានត្រៀមរួចជាស្រេចនូវរបស់សម្រាប់ដាក់សម្រាម ដូចជាថង់ធំៗជាដើម នេះបើតាមអ្វីដែលពួកគេបានថតរូបរួចបង្ហោះនៅតាមបណ្តាញសង្គម Facebook និង Instagram។ បើតាមការមើលឃើញតាមរូបភាពទាំងនោះនៅលើបង់អង្គុយអ្នក   ទស្សនា សម្រាមគឺនៅតែមាន ក៏ប៉ុន្តែមិនច្រើនដូចកាលមុនៗនោះឡើយ។

ស្រដៀងគ្នានេះដែរ មានយុវជនមួយចំនួនតូចមកពីសាកលវិទ្យាល័យនានា នៅក្នុងទីក្រុងភ្នំពេញបាននាំគ្នាបង្កើតជាក្រុមដើម្បីរើសសម្រាមតាមសួនច្បារ និងទីសាធារណៈផ្សេងៗ។ ក្នុងន័យមួយថា រើសសម្រាមដើម្បីសម្អាតបរិស្ថាន និង សោភ័ណភាពទីក្រុងក្រុមយុវជនស្ម័គ្រចិត្តទាំងនោះបានធ្វើសកម្មភាពយ៉ាងសកម្ម និងព្យាយាមអប់រំយុវជនដ៏ទៃទៀតឲ្យចេះស្រឡាញ់បរិស្ថាន និងគុណវិបត្តិដែលបណ្តាលឲ្យមានសម្រាមច្រើន។ ក្នុងនោះក៏មានការចូលរួមរពីសំណាក់ព្រះសង្ឃ អជ្ញាធរដែនដី និងភ្ញៀវបរទេសមួយចំនួនផងដែរ។

លោក.ត្រាន់ តិចសេង ជាបុគ្គលិកក្រុមហ៊ុនមួយ និងជាយុវជនម្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមជាច្រើនដូចជា ដាំកូនឈើ,​ ចែកសម្ភារសិក្សា​ និងការអភិវឌ្ឍសហគមន៍ បាននិយាយថា កន្លងមកលោកក៏ធ្លាប់ចូលរួមដើរប្រមូលសម្រាមនៅទីតាមទីសាធារណៈជាមួយ នឹងក្រុមយុវជនគំរូ និង ក្រុមយុវជនអភិវឌ្ឍន៏សហគមន៏ដែរ។ លោកធ្វើសកម្មភាពទាំងនេះគឺដើម្បីធ្វើជាគំរូល្អដល់ប្រជាជនរបស់យើងឲ្យយល់ដឹងពីបញ្ហាសម្រាមនេះ។ បើទោះបីមានក្រុមហ៊ុនប្រមូលសម្រាមស៊ីនទ្រីក៏ដោយ លោកតិចសេង បានមើលឃើញថា កម្មករប្រមូលសម្រាមមិនអស់ មិនទាន់ និងមិនកើត ព្រោះ  សម្រាមទាំងនោះនៅពាសវាសពាសកាល។ មូលហេតុដែលធ្វើឲ្យប្រជាជនបោះចោលសម្រាមទាំងនេះ លោកមើលឃើញថាគឺដោយសារតែ ពួកគេ ខ្ចិល, ល្ងង់ខ្លៅនិងមិនខ្លាច ព្រោះគ្មានវិធានការតឹងរឹងពីអាជ្ញាធរដែនដី។ ហើយលោកក៏សំនូមពរឲ្យយុវជនទាំងអស់ គួរតែរួមគ្នាដោះស្រាយ​ទាំងអស់គ្នាដើម្បីទីក្រុងស្អាត​ បរិស្ថានល្អ​ សុខភាពបវររុងរឿង បរិស្ថានស្អាតចាប់ផ្តើមពីយើងម្នាក់ៗ។

ប៉ុន្តែមួយរយៈនេះ សកម្មភាពទាំងនេះហាក់ដូចជាថមថយទៅវិញ ដោយសារតែមានមតិមួយចំនួននិយាយថា ក្រុមយុវជនដែលធ្វើសកម្មភាពដើររើសសម្រាមនោះ គឺដោយសារតែពួកគេមាន          ទំនោលតាមគ្នា ខ្លះថាពួកគេធ្វើដើម្បីថតរូបបង្ហោះក្នុងប្រពន្ធ័សង្គមថាខ្លួនក៏បានចូលរួមដែររួចក៏បានឈប់ ទៅវិញ ខ្លះទៀតថា ពួកគេធ្វើគ្រាន់តែឲ្យមហាជនឃើញថាពួកគេក៏បានចូលរួមក្នុងការងារសង្គមដែរ ប៉ុន្តែធាតុពិតរបស់ពួកគេគឺមិនចង់ធ្វើនោះទេ។ ទាំងអស់នេះគ្រាន់តែជាមតិខ្លះៗក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ចង់ឬមិនចង់អាស្រ័យលើយុវជនខ្លួនឯង។ យ៉ាងណាមិញ ពួកគេគួរតែបន្តសកម្មភាពទាំងនេះដើម្បីជាគំរូនិងជាសារវិជ្ជមានមួយដល់យុវជនផ្សេងទៀតឲ្យមានចលនាផ្លាស់ប្តូរមួយដ៏ល្អ ក៏ដូចជាបញ្ចប់នូវពាក្យរិះគន់មួយចំនួនពីខាងដើម។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏យុវជនកម្ពុជាក្នុងសម័យអ៊ីនធើណែតនេះ បានផ្លាស់ប្តូរនិងកំពុងតែផ្លាស់ប្តូរអត្តចរិក និងឥរិយាបថនៃការចោលសម្រាមរបស់ខ្លួនជាបណ្តើរៗ។ ផ្លាស់ប្តូរត្រង់ពួកគេចេះយកសម្រាមដាក់ចូលធុងសម្រាម ហើយបើគ្មានធុងសម្រាមពួកគេដាក់នៅក្នុងកាតាប ឬហោប៉ៅខោរបស់ខ្លួន ឬក៏បោះចោលនៅគំនរសម្រាមជាដើម។ ហើយមូលហេតុដែរពួកគេបានផ្លាស់ប្តូរដូចនេះ គឺដោយសារតែមាន ការផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអ៊ីនធើណែតដូចជា FaceBook Instagram មានភាពទំលំទូលាយច្រើន ដែលធ្វើឲ្យពួកគេទទួលព៍តមានបានគ្រប់ជ្រុងជ្រោយ។ យុវជនហាក់ដូចជាភ្ញាក់ខ្លួននិងចាប់ផ្តើមខ្មាស់អៀនអំពីបញ្ហាសម្រាមនេះ នៅពេលដែលពួកគេបានមើលឃើញការផ្សព្វផ្សាយអំពីបរិស្ថាន គួបផ្សំនឹងទទួលបានចំនេះដឹងខ្លះពីសាលា។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះរដ្ឋា       ភិបាល​ ផ្ទាល់​គួរ​តែ​មាន​គោលការណ៍​លើក​កម្ពស់​អ្នក​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ។ ហើយ​យុវជនខ្លួនឯង​ដែល​ជាទំពាំងស្នងឬស្សី​ក៏​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន តាម​រយៈ​សកម្មភាព​អប់រំ​នានា។

ដូច្នេះប្រសិនបើរាជរដ្ឋាភិបាល និងយុវជនខ្មែរចេះសាមគ្គី និងយោគយល់គ្នាគួបផ្សំនឹងការអប់រំគ្នា ទៅវិញទៅមក និងរួមគ្នានោះយើងនឹងអាចកែប្រែទីក្រុងគុជមួយនេះ ឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត បរិស្ថានល្អជាងមុន ឲ្យសមនឹងពាក្យស្លោករបស់រដ្ឋាភិបាលថា ទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវាល្អ រីឯសីលធ៌មសង្គមខ្មែរក៏ត្រូវបានលើកកម្ពស់ដើម្បីក្លាយជាប្រទេសស៊ីវីល័យមួយជាក់ជាមិនខាន៕ 

Download PDF file in here


រៀបរៀងដោយ កែវ សុង



Comments

Popular posts from this blog

កម្ពុជា ក្រោយឆ្នាំ១៩៧៩

កម្ពុជាក្រោយឆ្នាំ ១៩៧៩ រៀបរៀងដោយក្រុមនិស្សិតថ្នាក់ប្រវត្តិសាស្រ្តកម្ពុជា វេនពេលល្ងាច (Summer term 2015) សមាជិកក្រុមទី ១០ រួមមាន លោក ត្រាន់តិចសេង (ប្រធានក្រុម) លោក កែវ សុង (ជំនួយការ) ភិក្ខុ យេនសុភក្តី លោក វង្សសម្បត្តិ កញ្ញា ថៃស្រីឡែន លោក សនពិសិដ្ធ កញ្ញា សេកសុគន្ធារី លោក ពេជ្យបញ្ញា កញ្ញា ប៉ោងគុយឆេង លោក ម៉ិញសុខហេង  អារម្មណ៍កថា ដើមឡើយ ចំណាប់អារម្មណ៍ចំពោះការសិក្សាប្រវត្តិសាស្រ្តកាលពីរៀន​នៅ​ថ្នាក់​កម្រិតមធ្យមសិក្សាចំណេះដឹងទូទៅ គឺគ្រាន់តែអាចឱ្យយើងខ្ញុំដឹង និងចងចាំអំពី​ព្រឹត្តិ​ការណ៍ដែលបានកើតឡើងកាលពីអតីត​កាល​ប៉ុណ្ណោះ។ ចំណែកការរៀនទៀតសោត គឺយើងខ្ញុំគ្រាន់តែប្រឹងធ្វើយ៉ាងណាទន្ទេញឱ្យ​ចាំនូវកាល​បរិច្ឆេត និងហេតុការណ៍ក្នុង​ដំណាក់កាលផ្សេងៗឱ្យបានល្អជាការស្រេច។ ប៉ុន្តែ ឈានមកដល់ការសិក្សាអំពីប្រវត្តិ​សាស្រ្ត​កម្រិត​ឧត្តម្ភវិញ ទើបយើងខ្ញុំមានការ​ភ្ញាក់ខ្លួន។ ភ្ញាក់ខ្លួនក៏ដោយសារ មូលហេតុ​នៃ​ការសិក្សាប្រវត្តិសាស្រ្ត មិនមែនមានន័យ​ត្រឹមតែជាការ​ចង​ចាំនោះទេ ប៉ុន្តែ ក៏ជាការ​ដែល​ត្រូវ​ធ្វើការស្វែងយល់ ចេះវិភាគ និងគិតគូរពិចារ​ណា​លើទឡ្ហីករនៅក្នុង​ព្រឹត្តិ​ការណ៍​​នីមួយៗ​ដែលអ្នកសរសេរកត់ត្រា​ប

សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ)

` សត្ថវណិជ្ជា (ហាមជួញដូរគ្រឿងសាស្រ្តាវុធ) រៀបរៀងដោយក្រុមនិស្សិតថ្នាក់បណ្តុះគុណធ៌មវេនពេលល្ងាច ( Personal Growth and Development term 2, 2015) សមាជិកក្រុម ទី៣០រួមមាន៖ លោក កែវ សុង (ប្រធានក្រុម) លោក ម៉ៅសុវិទ្យា (ជំនួយការ) កញ្ញា លៀន ស្រីនិច លោក សំសាន់ស្តារ លោក ខនចាន់ផានិត លោក សនពិសិដ្ធ កញ្ញា ប៉ោងគុយឆេង លោក ពេជ្យ បញ្ញា អារម្ភកថា  មនុស្សលោករួមទាំងសត្វទាំងឡាយ ដែលកើតមកលើលោកនេះហើយ តែងប្រាថ្នាចង់បានសេចក្តីសុខជានិច្ច។ សភាវះទាំងអស់ តែងមានសេចក្តីភ័យខ្លាច និង តក់ស្លុតរន្ធត់ញាប់ញ័រជាខ្លាំង នៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់​​ ជាពិសេសចំពោះក្តីស្លាប់។ អាស្រ័យហេតុនេះទើប ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្តែងថាអំពីជំនួញក្នុងការរកទទួលទាន​​ ៥ ប្រការ ដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្តមានដូចជា​ សត្ថវណិជ្ជា, សត្តវណិជ្ជា, មំសវណិជ្ជា, មជ្ជវណិជ្ជា, វសំវណិជ្ជា ។  ក្នុងនោះដែរ សត្ថវណិជ្ជា គឺជាជំនួញមួយដែល ព្រះសម្មាសម្ពុទ្ធបានបង្រៀបដល់មនុស្សលោកយើងមិន   អោយប្រកបនៅអាជីវកម្មដោយការជួញដូរ អាវុធគ្រប់ប្រភេទដែលជាគ្រឿងប្រហារ ជិវិតមនុស្ស និងសត្វ។ មនុស្សកាលបើសេចក្តីលោភកើត

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “អូម”.

លាតត្រដាងអាថ៍កំបាំងនៃសញ្ញា “ អូម ”. អ្នកប្រហែលជាធ្លាប់ឃើញសញ្ញា   អូម ដែលជាគេនិយមចាក់សាក់លើដងខ្លួន និងគូជាគំនូរលើជញ្ជាំងដែលគេដេគ័រនៅក្នុងហាងនិងកន្លែងកម្សាន្តឬទីសក្ការៈបូជាមួយចំនួនផងដែរ។ អូម ជាភាសាអង់គ្លេសគឺ “Om” ឬ “Aum” គឺជាសញ្ញាមួយដែលមានអត្ថន័យបង្កប់យ៉ាងជ្រាលជ្រៅក្នុងដំណើរជីវិតរបស់មនុស្ស។ មិនថានៅក្នុងសាសនា ឬ សង្គមជាក់ស្តែងនោះទេ អូម ត្រូវបានគេប្រើជាសញ្ញាសុទិដ្ឋិនិយម   និង ទេវៈនិយម។ ដូចនេះតើអូមមានអត្ថន័យយ៉ាងម៉េចទៅ? អូមផ្គុំឡើងដោយអក្សរសំស្រ្កឹតបីគឺ អា( A) មានន័យថាការចាប់ផ្តើម។ ទារកដែលចាប់បដិសណ្ធិចេញពីផ្ទៃ ម្តាយដំបូង តែងតែស្រែកយំ “ អា ” ជាសញ្ញាដែលបង្ហាញថាពួកគេចាប់ផ្តើមទទួលស្វាគមន៏ពីភពផែនដីដែលស្រស់បំព្រងនៃយើងនេះ។ បន្ទាប់មកពួកគេស្រែកថា អ៊ូ( U) បានសេចក្តីថាពួកគេកំពុងតែសម្របខ្លួនដើម្បីរស់រានមានជីវិតជាមួយពួកយើង ហើយនោះជាអក្សរទីពីររបស់ អូម។ នៅទីបំផុតទារកដែលគួរឱ្យស្រលាញ់ ក៏ចេះបៅដោះម្តាយខ្លួនហើយបញ្ជេញសម្លេង អឹម ឬ ម ( m) ឬ ហៅម្តាយថា “ ម៉ាក់ ” ឬ “ ម៉ាម៉ា ” នោះហើយជាអក្សរទីបីនៃសញ្ញា អូមនេះតែម្តង។ ដោយសារតែ អូម ផ្គុំឡើងដោយអក្សរសំស្រ្កឹតបីនេះ និងបញ្ជេញសម្លេងដោយមិនកំរើកអណ្តាត នេះហើយទ